FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO ថ្មី Apple ប្រឈមមុខនឹងការតេស្តលទ្ធផលហិរញ្ញវត្ថុដំបូង ចំពេលតម្លៃបន្ទះឈីបហក់ឡើង

02-11-2026 13:31

(បរទេស)៖ លោក John Ternus នឹងដឹកនាំកិច្ចប្រជុំរាយការណ៍ប្រាក់ចំណេញ (Earnings call) ជាលើកដំបូងរបស់លោក ក្នុងនាមជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ វិនិយោគិន កំពុងទន្ទឹងរង់ចាំមើលការព្យាកររបស់ក្រុមហ៊ុន ដើម្បីផ្ទៀងផ្ទាត់ថាតើការបញ្ចេញផលិតផលថ្មីៗជាច្រើន អាចជួយទប់ទល់នឹងការកើនឡើងនៃតម្លៃបន្ទះឈីបអង្គចងចាំ (Memory Chips) បានដែរឬទេ។

លោក Ternus ដែលបានឡើងកាន់តំណែងបន្តពីលោក Tim Cook កាលពីខែកញ្ញា បានត្រួតពិនិត្យ និងដឹកនាំផលិតផលថ្មីៗ រួមមានទូរស័ព្ទបត់បានដំបូងបង្អស់របស់ Apple (iPhone Duo), ឧបករណ៍បញ្ជាផ្ទះឆ្លាតវៃ (Smart Home Hub) និងកុំព្យូទ័រយួរដៃអេក្រង់ប៉ះ (Touch-screen laptops) ដំបូងគេរបស់ក្រុមហ៊ុន។ ផលិតផលទាំងអស់នេះ បានចាប់ផ្តើមដឹកជញ្ជូន នៅក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នរបស់ក្រុមហ៊ុន ចំពេលដែលលោក Cook ធ្លាប់បានបញ្ជាក់ថាជា «វិបត្តិផ្ទុះឡើងខ្លាំងក្នុងរយៈពេល១០០ឆ្នាំ» នៃតម្លៃបន្ទះឈីបអង្គចងចាំដែលកំពុងកើនឡើង។

ក្រុមហ៊ុន Apple នឹងត្រូវប្រឈមមុខនឹងការពិនិត្យផ្ទៃក្នុងយ៉ាងតឹងរឹងលើបញ្ហាសំខាន់ៗចំនួនបី គឺទស្សនវិស័យត្រីមាសសម្រាកវិស្សមកាល, មតិយោបល់របស់លោក Ternus អំពីបច្ចេកវិទ្យា AI និង Siri ដែលបានកែលម្អថ្មី ព្រមទាំងការកើនឡើងនៃតម្លៃបន្ទះឈីបអង្គចងចាំ ដែលអ្នកវិភាគរំពឹងថានឹងទាញទម្លាក់កំណើនប្រាក់ចំណេញប្រចាំត្រីមាសឱ្យធ្លាក់ចុះមកកម្រិតខ្សោយបំផុតក្នុងរយៈពេល ៦ ត្រីមាសចុងក្រោយនេះ។

គូប្រជែងផ្សេងទៀតដូចជា OpenAI ដែលកំពុងត្រូវ Apple ប្តឹងពីបទចោទប្រកាន់ថា បានលួចឯកសារសម្ងាត់ពាណិជ្ជកម្ម ក៏កំពុងអភិវឌ្ឍឧបករណ៍ថ្មីៗក្នុងគោលបំណងជំនួសទីតាំង iPhone ដែលជាឧបករណ៍ស្នូលក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។ របៀបដែល Apple ចាប់យក AI ក៏អាចមានផលប៉ះពាល់យ៉ាងធំធេងដល់អនាគតនៃអាជីវកម្មសេវាកម្មបស់ខ្លួនផងដែរ ដែលកំណើននៃការរីកចម្រើនថយចុះ បានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភ បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនឆ្នាំ។ លោក Dan Morgan អ្នកគ្រប់គ្រងផលប័ត្រវិនិយោគនៅក្រុមហ៊ុន Synovus Trust ដែលកាន់កាប់ភាគហ៊ុន Apple បានលើកឡើងថា «ការបង្កើតថ្មីនៃភ្នាក់ងារ AI (Agentic innovation) នាពេលថ្មីៗនេះ មានល្បឿនលឿនឆ្ងាយជាងបទពិសោធន៍របស់យើងជាមួយ Siri AI ប៉ុន្តែ Apple បានទទួលស្គាល់ថា Siri AI ... គឺផ្តោតសំខាន់ខ្លាំងលើទំនុកចិត្ត និងភាពឯកជន (Privacy)»។

គួរជម្រាវថា Apple កំពុងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មប្រព័ន្ធ AI របស់ខ្លួនទៅកាន់ «ប្រជាជនទូទៅ» ជាជាងអ្នកជំនាញនៅ Silicon Valley ដែលជាអ្នកប្រើប្រាស់ដ៏ធំនៃម៉ូដែល AI ជំនាន់មុខពីក្រុមហ៊ុនដូចជា OpenAI ជាដើម។ លោក Morgan បានបន្ថែមថា វិនិយោគិនចង់ដឹងថា តើ Apple អាចរកប្រាក់ចំណេញបានដែរឬទេ តាមរយៈការចែកចាយភ្នាក់ងារ AI របស់ភាគីទីបីនៅលើ App Store របស់ខ្លួន និងការកាត់យកភាគរយនៃប្រាក់ចំណូលដែលអាជីវកម្មទាំងនោះបង្កើតបាន៕