មីជាតិ ត្រូវបាននាំចេញ ជាផ្លូវការទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
31-10-2026 10:25
(ភ្នំពេញ)៖ ផលិតផលមីជាតិ បានចាកចេញពីរោងចក្រផលិតទឹកពិសារវីតាល់-មីជាតិ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក តាមរយះក្រុមហ៊ុន Khmer United LLC.. របស់បងប្អូនអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។
ពិធីប្រកាសនាំចេញមីជាតិ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ និងជាលើកដំបូងនេះ បានធ្វើឡើងនាថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៦ នៅរោងចក្រផ្ទាល់ ក្រោមវត្តមានចូលរួម ពីសំណាក់លោកស្រី ជឹង សុគន្ធាវី នាយិការប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រគ្រុប(មីជាតិ) លោកស្រី ឡាវ ជៀជីន នាយិការទីផ្សារនាំចេញ នៃក្រុមហ៊ុនវ័នម៉រគ្រុប និងតំណាងក្រុមហ៊ុន Khmer United LLC..។
បើតាមការអះអាង ពីតំណាង ក្រុមហ៊ុន Khmer United LLC ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិច ពិសេសរដ្ឋកាលីហ្វរញ៉ា និងបណ្តារដ្ឋមួយចំនួនទៀត ដែលមានពលរដ្ឋខ្មែររស់នៅ បានស្គាល់ និងបានទទួលទាន មីជាតិរួចហើយ និងបានអះអាងថា មីជាតិមានរស់ជាតិឆ្ញាញ់ ដែលជារស់ជាតិបែបខ្មែរពិតៗ ហើយពួកគាត់ចូលចិត្ត និងគាំទ្រសម្បើមណាស់ ហើយការមានវត្តមាន មីជាតិនេះ ធ្វើអោយពួកគាត់ឈប់ប្រើប្រាស់ផលិតផលអ្នកជិតខាងហើយ។ យ៉ាងណាបើតាម Khmer United LLC..ការស្គាល់និងបានទទួលទានមីជាតិរបស់ក្រុមហ៊ុន វ័នម៉រគ្រុប គឺដោយសារបងប្អូនមួយចំនួន នៅពេលមកលេងស្រុកខ្មែរ ពួកគាត់តែទិញមីជាតិទាំងកេសៗ ដាក់យន្តហោះទៅជាមួយ ។ ប៉ុន្តែសង្កេតឃើញការធ្វើបែបនេះ (ដឹកតាមយន្តហោះ គឺគេគិតសេវាថ្លៃសម្បើម) ។ ដូច្នេះទេ Khmer United LLC..ក៏ចាប់ឱកាសយកទីផ្សារនាំចេញមីជាតិនេះតែម្តង ដោយចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនវ័នម៉រគ្រុប (មីជាតិ) ដើម្បីនាំផលិតផលមីជាតិរបស់ខ្មែរនេះ ទៅចែកចាយទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការតែម្តង ដោយជំហានដំបូងនេះ នាំចេញត្រឹមមួយកុងតឺន័រសិន ។ ហេតុផល ដោយសារបងប្អូនជាម្ចាស់ហាងលក់ទំនិញ ជាជនជាតិខ្មែរ នៅសហរដ្ឋអាមេរិក មួយចំនួន មិនទាន់រៀបរយហាងរបស់ខ្លួន ដើម្បីតាំងលក់និងស្តុកទុកមីជាតិ បានសមរម្យ ។ យ៉ាងណា ក្រុមហ៊ុន Khmer United LLC.. និងបន្តនាំចូលមីជាតិទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ទៀត នាពេលខាងមុខ ច្រើនកុងតឺន័រតែម្តង ព្រោះមីជាតិខ្មែរនេះ អ្នកស្រុកអាមេរិកចូលចិត្តណាស់។
ដោយឡែក លោកស្រី ឡាវ ជៀជីន នាយិការទីផ្សារនាំចេញ នៃក្រុមហ៊ុនវ័នម៉រគ្រុប បានអោយដឹង លោកស្រីមានមោទនភាព និងរំភើបរីករាយជាខ្លាំង ដែល «មីជាតិ» អាចឈានជើងនាំចេញជាផ្លូវការ ទៅសហរដ្ឋអាមេរិក ដែលនេះមិនត្រឹមតែជាការពង្រីកទីផ្សារអាជីវកម្មធម្មតានោះទេ ប៉ុន្តែវាគឺជាបេសកកម្មដ៏មានតម្លៃមួយ ក្នុងការនាំយកផលិត ផលមានគុណភាព និងរសជាតិបែបខ្មែរ ទៅជូនបងប្អូនសហគមន៍យើងនៅឯនាយសមុទ្រ ក៏ដូចជាអន្តរជាតិបានភ្លក្ស។ យើងជឿជាក់ថា ផលិតផលកូនខ្មែរ ប្រេនមីជាតិ យើងមានគុណភាព និងរសជាតិឆ្ងាញ់មិនចាញ់បរទេសឡើយ ហើយការនាំចេញនេះ នឹងជាលើកស្ទួយគុណតម្លៃ ផលិតផលជាតិយើង នៅលើឆាកអន្តរជាតិមួយកម្រិតទៀត។
បើតាមការបញ្ជាក់ របស់លោកស្រី ឡាវ ជៀជីន មុនពេលការមកដល់ទីផ្សារ សហរដ្ឋអាមេរិក នាពេលនេះ «មីជាតិ» ក៏ធ្លាប់បាននាំចេញ ទៅបណ្តាប្រទេសផ្សេងៗ រួមមាន វៀតណាម នៅឆ្នាំ២០២១ កូរ៉េ អូស្រា្តលី ណូវែលសេឡង់ នៅឆ្នាំ២០២៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងរួចមកហើយ ពីសំណាក់អតិថិជននៅក្នុងប្រទេសទាំងនោះ។
សម្រាប់ផែនការអនាគត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ មីជាតិ គ្រោងនាំទៅជប៉ុន និងសហគមន៍អ៊ឺរ៉ុប ក្នុងឆ្នាំនេះផងដែរ ។ ក្រៅពីនេះយើងក៏បាននាំចេញគ្រឿងទេស ផ្សេងៗទៀត របស់ក្រុមហ៊ុន One More Group ទៅកាន់ទីផ្សារក្រៅប្រទេសមួយទៀតផង ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនកុះកររបស់បងប្អូនយើងនៅទីនោះ ព្រមទាំងបន្តពង្រីកវត្តមានផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយនៅក្រៅប្រទេស។
លោកស្រី ឡាវ ជៀជីន បានបន្ថែមថា គុណភាព និងសុវត្ថិភាពចំណីអាហារ គឺជាអាទិភាពចម្បងបំផុតរបស់ក្រុមហ៊ុន។ ដូច្នេះ ដើម្បីអាចឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក "មីជាតិ" បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងបំពេញបានគ្រប់លក្ខខណ្ឌតម្រូវយ៉ាងតឹងរ៉ឹងរបស់ US FDA ។ ចាប់តាំងពីដំណើរការផលិតក្នុងរោងចក្រ ដែលមានបច្ចេកវិទ្យាទំនើបស្ដង់ដារអន្តរជាតិ រហូតដល់ការជ្រើសរើសវត្ថុធាតុដើមប្រកប ដោយអនាម័យខ្ពស់ គឺសុទ្ធតែធានាថា ផលិតផលទៅដល់ដៃអតិថិជន មានសុវត្ថិភាព គុណភាពល្អ និងរក្សាបាននូវរសជាតិដើមបែបខ្មែរពិតៗ៕



















