កម្មវិធីប្រកួតប្រជែងផលិតវីដេអូ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ឈានដល់វគ្គប្រកាសជ័យលាភី
29-10-2026 10:51
(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នឹងឈានដល់វគ្គប្រកាសជ័យលាភីជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍។
កម្មវិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយសារព័ត៌មាន Tnaot News ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំផុសស្មារតីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជានៅរដូវកាលបៃតង តាមរយៈវីដេអូខ្លីប្រកបដោយភាពច្នៃប្រឌិត។ បេក្ខភាពនីមួយៗបានស្វះស្វែងបង្កើតវីដេអូដ៏មានន័យក្នុងគោលដៅផ្សព្វផ្សាយពីរដូវកាលបៃតងដ៏ស្រស់បំព្រងរបស់កម្ពុជា។ ការរង់ចាំបានជិតដល់ពេលបញ្ចប់ជាផ្លូវការហើយ ដើម្បីអបអរសាទរទេសភាពដ៏ស្រស់ត្រកាល វប្បធម៌ដ៏រស់រវើក និងភាពអស្ចារ្យនៃវិស័យទេសចរណ៍ធម្មជាតិនៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ ដល់ពេលដែលត្រូវប្រកាសឈ្មោះអ្នកឈ្នះហើយ។
ពិធីប្រកាសជ័យលាភីនេះ នឹងមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការ ក្រុមការងារជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» លោកស្រី ហាន លី នាយកប្រតិបត្តិនៃសារព័ត៌មាន Tnaot ព្រមទាំងបេក្ខភាពដែលបានចូលរួមប្រកួតប្រជែងផងដែរ។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់ឧបត្ថម្ភ និងដៃគូផ្សព្វផ្សាយជាច្រើន ដែលបានរួមចំណែកធ្វើឲ្យការប្រកួតប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្នុងនោះ សូមថ្លែងអំណរគុណដល់ អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA), Air Lee Beauty Center, ធនាគារ ខេ ប៊ី ប្រាសាក់, ក្រុមហ៊ុន E-Gets, ក្រុមហ៊ុន Gold Zone Media, សណ្ឋាគារ ហ័ន ហៃ, Tui Blue Angkor Grace, Kospet Cambodia, Pathfinder Travel និង Alarm Clock coffee។
បន្ថែមពីនេះ ក៏សូមថ្លែងអំណរគុណដល់ដៃគូផ្សព្វផ្សាយផ្លូវការួមមាន KOCHAM, ភ្នំពេញប៉ុស្តិ៍, ដើមអម្ពិល, 58Cam, CEN News, Fresh News, Fresh AI, ឧកញ៉ាញូស៍, KhmerNote, BBR Guangxi Project (北部湾之声), Cam-Insight និង 柬华日报(Jian Hua Daily )។
ក្រៅតែពីរង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី ក្នុងនោះ អ្នកចូលរួម Like និងShare វីដេអូស្នាដៃរបស់បេក្ខជនប្រកួតដែលអ្នកចូលចិត្តលើបណ្តាញសង្គមតាមរយៈ Tnaot Event ក៏នឹងមានឱកាសឈ្នះរង្វាន់ «សំបុត្រយន្តហោះ Round Trip» ទៅកម្សាន្តនៅប្រទេសវៀតណាម និងរង្វាន់វត្ថុអនុស្សាវរីយថែមទៀតផងដោយគ្រាន់តែចុចតាមដានផេក (Follow Page) TNAOT Events ហើយចូលទៅកាន់តំណរវីដេអូណាមួយដែលអ្នកពេញចិត្ត ហើយចុច Like និងចែករំលែក (Share) ស្នាដៃវីដេអូនោះ៕



