គ្រប់ការប្រកួត Cup ទាំងអស់របស់អេស្ប៉ាញត្រូវបានលើកពេល ក្រោយឧបទ្ទវហេតុរថភ្លើងល្បឿនលឿនបុកគ្នាស្លាប់ជិត ១០០នាក់
29-10-2026 10:46
(បរទេស)៖ រាល់ការប្រកួតពានរង្វាន់លំដាប់ទី២ Copa del Rey របស់អេស្ប៉ាញដែលមានដល់ទៅ ២៤ប្រកួតឯណោះ ត្រូវបានប្រកាសពន្យារពេលកាលពីរាត្រីថ្ងៃពុធ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅជិតទីក្រុង Madrid ដែលបណ្តាលឱ្យយ៉ាងហោចណាស់ ៦៨នាក់បានស្លាប់។
ប្រភពពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកដំណើរប្រមាណជាង ៥០០នាក់នៅលើរថភ្លើង មុនពេលបុកទល់មុខគ្នាយ៉ាងពេញទំហឹង។
ភ្លាមៗនោះដែរក្រោយពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នាយករដ្ឋមន្រ្តីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានថ្លែងសារថា «រូបលោកពិតជារន្ធត់ឥតឧបមា» ចំពោះហេតុការណ៍អាក្រក់ដែលបានកើតឡើង និងសូមចូលរួមមរណទុក្ខដល់ក្រុមគ្រួសារនៃសព។
ចំណែកឯសេចក្តីថ្លែងការណ៍ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF ក៏បានប្រកាសពីការពន្យារពេល និងកាន់ទុក្ខចំពោះជនរងគ្រោះទៀតផង ដ្បិតមាន ៥ក្រុមក្នុងលីគ La Liga ត្រូវលេងជុំទី១ កាលពីរាត្រីថ្ងៃពុធដោយមាន Levante, Alaves, Valencia, Celta Vigo និង Real Betis ក៏ត្រូវបានលើកពេលដែរ។
ក្រុមខ្លាំងក្នុងលីគមានដូចជា Real Madrid, FC Barcelona និង Atletico Madrid មិនលេងជុំទី១ ទេ ដោយរង់ចាំលេងជុំទី២ វគ្គ ៣២ក្រុមតែម្តង។ ការប្រកួតក្របខណ្ឌផ្សេង ជាពិសេសផ្នែកនារី នៅតែបន្តធ្វើ និងតម្រូវឱ្យមានការស្មឹងស្មាធ ១នាទីផងដែរ ដើម្បីឧទ្ធិសដល់វិញ្ញាណក្ខន្ធនៃសពដែលបានចែកឋាន៕



