FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្បូងឃ្មុំ និងបាត់ដំបង ឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ខណៈជំនួបដណ្ដើមជើងឯក ធ្វើនៅកីឡដ្ឋានភ្នំពេញក្រោន

29-10-2026 09:05

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ គឺមានក្រុមសមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមបាល់ទាត់បាត់ដំបងយូណៃធីត បន្ទាប់ពីយកឈ្នះគូប្រជែងទាំង ២ជើងរៀងៗខ្លួន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ បានបន្ដយកឈ្នះក្រុមបាល់ទាត់ខេត្តព្រះសីហនុ ដោយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួននាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។ សរុបទាំង ២ជើង អតីតក្រុមជើងឯក ២សម័យនេះ បានយកឈ្នះក្រុមតំណាងខេត្តភាគនិរតី ៧-២។

ចំណែកក្រុមបាត់ដំបងយូណៃធីតវិញ គឺបានបន្ដយកឈ្នះក្រុមបាល់ទាត់ខេត្តកោះកុង ដោយលទ្ធផល ៤-២ ក្នុងជំនួបជើងទី២ នៅទីលានសាកលវិទ្យាល័យបាត់ដំបង បន្ទាប់ពីទទួលបានជ័យជម្នះ ទាំងលំបាក ១-០ កាលពីជើងទី១ នៅទឹកដីខេត្តកោះកុង។

ជ័យជម្នះនេះ នាំឲ្យខេត្តត្បូងឃ្មុំ និងបាត់ដំបងយូណៃធីត នឹងឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋានភ្នំពេញក្រោន ដើម្បីដណ្ដើមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ខេត្ត។ រីឯក្រុមបរាជ័យ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងត្រូវជួបគ្នាជាថ្មី ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី១៤ ខែវិច្ឆិកា៕