ទីផ្សារស្មាតហ្វូនឥណ្ឌាធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំ ខណៈតម្លៃទូរសព្ទបន្តកើនឡើង
29-10-2026 08:49
(បរទេស)៖ ទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌាបានជួបត្រីមាសដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយការដឹកជញ្ជូនស្មាតហ្វូននៅត្រីមាសទី៣ ឆ្នាំ២០២៦ បានធ្លាក់ចុះ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មូលហេតុចម្បងគឺតម្លៃអង្គចងចាំ (Memory) កើនឡើងដល់កម្រិតខ្ពស់បំផុត ដែលធ្វើឱ្យតម្លៃស្មាតហ្វូនកើនឡើង ខណៈអ្នកប្រើប្រាស់បន្តពន្យារពេលទិញទូរសព្ទថ្មី។ ការធ្លាក់ចុះនេះក៏កើតឡើងសូម្បីតែនៅមុនរដូវបុណ្យប្រចាំឆ្នាំ ដែលជារដូវលក់ដាច់មួយនៅឥណ្ឌាក៏ដោយ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research និងចុះផ្សាយបន្តដោយ GSMArena។
ស្មាតហ្វូនតម្លៃទាបរងផលប៉ះពាល់ខ្លាំងជាងគេ ដោយការដឹកជញ្ជូនម៉ូដែលតម្លៃក្រោម ២០,០០០ រូពីឥណ្ឌា (ប្រហែល ២១០ ដុល្លារ) បានធ្លាក់ចុះ ៤៧%។ ក្រុមហ៊ុន Counterpoint បានឱ្យដឹងថា អ្នកប្រើប្រាស់កំពុងបន្តប្រើទូរសព្ទចាស់ឱ្យបានយូរ ជាពិសេសក្នុងក្រុមទូរសព្ទតម្លៃក្រោម ១៥,០០០ រូពី (ប្រហែល ១៥៨ ដុល្លារ)។ ទោះជាទីផ្សារធ្លាក់ចុះក៏ដោយ Samsung បានដណ្តើមតំណែងក្រុមហ៊ុនលក់ស្មាតហ្វូនច្រើនជាងគេនៅឥណ្ឌាមកវិញ ដោយកាន់កាប់ចំណែកទីផ្សារ ១៧% បន្ទាប់មកគឺ vivo មាន ១៦%, Oppo និង Xiaomi មាន ១២% ដូចគ្នា។ ចំណែកស្មាតហ្វូន iPhone 18 Pro ក៏ចាប់ផ្តើមការលក់បានល្អ ដោយការលក់ដំបូងខ្ពស់ជាងស៊េរី iPhone 17 Pro ជិត ២០%។
ក្នុងចំណោមម៉ាកដែលមានកំណើនខ្ពស់ Ai+ Smartphone នាំមុខដោយការដឹកជញ្ជូនកើនឡើង ៣០៦% ខណៈចំណែកទីផ្សាររបស់ម៉ាកស្មាតហ្វូនឥណ្ឌាទាំងមូលបានកើនពី ២% ដល់ ៧%។ ចំណែក MediaTek នៅតែជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបស្មាតហ្វូនធំជាងគេ ដោយមានចំណែកទីផ្សារ ៤៥%។ ទោះជាយ៉ាងណា Counterpoint ព្យាករណ៍ថា ទីផ្សារស្មាតហ្វូនឥណ្ឌានឹងធ្លាក់ចុះប្រហែល ១៣% នៅឆ្នាំ២០២៦ ហើយតម្លៃទូរសព្ទអាចនឹងកើនឡើងម្តងទៀតក្រោយរដូវបញ្ចុះតម្លៃក្នុងឱកាសបុណ្យ។ ក្រុមហ៊ុនផលិតក៏កំពុងបង្កើនការចេញលក់ទូរសព្ទ 4G និងម៉ូដែលដែលមានលក្ខណៈបច្ចេកទេសសាមញ្ញជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារតម្លៃទាប ខណៈឆ្នាំ២០២៧ ត្រូវបានរំពឹងថានឹងនៅតែជាឆ្នាំដ៏លំបាកសម្រាប់វិស័យនេះ៕





