ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស ត្រៀមចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥
25-10-2026 14:25
(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លីដំបូងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការការ នៃការចាក់បញ្ចាំងភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុប ៩០រឿង មកពី ៣៣ប្រទេស ដែលបានជ្រើសរើសជាផ្លូវការ ដោយមានភាពយន្តជាតិចំនួន ៤០ ចំណងជើង និង ភាពយន្តអន្តរជាតិចំនួន ៥០ ចំណងជើង សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នៃជំនាន់ទី១៥ ជាពិសេស។
ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ចន វិចិត្រ នាយករងនាយកដ្ឋានបច្ចេកទេស និងជាជំនួយការ, លោក ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ប្រុញ ដារ៉ា អ្នកគ្រប់គ្រងរោងភាពយន្ត Fable Cinema, អ្នកនាង ថត ថាណែត ផលិតករ និងជាតួសម្ដែង និងជាគណៈកម្មការវិនិច្ឆ័យក្នុងស្រុក, អ្នកនាង ឈុន ដានីន សមិទ្ធិករ-អ្នកនិពន្ធអត្ថបទភាពយន្ត និងជាគណៈកម្មការវិនិច្ឆ័យក្នុងស្រុក, កញ្ញា ជូលីយ៉ា រូស្សែល បវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ ២០២៥ និងជាទូតសុឆន្ទៈនៃមហោស្រព CSFF ២០២៦, លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) និងជាប្រធានមហោស្រព CSFF, លោក អ៊ុង ស៊ីវថុង គ្រូបង្វឹកផ្នែកផលិតកម្មនៃ SFA និងជាប្រធានផ្នែកបច្ចេកទេស និងផលិតកម្ម CSFF និងកញ្ញា លីម ប៉ូលី អ្នកចាត់ចែងកម្មវិធីមហោស្រព CSFF 2026។
លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) និងជាប្រធានមហោស្រព CSFF បានថ្លែងថា គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីចែករំលែកពីបេសកកម្មពង្រីកវិសាលភាពថ្មី របស់មហោស្រព ការដាក់ឱ្យប្រកួតប្រជែង ផ្នែកភាពយន្តប្រើបញ្ញាសិប្បនិមិ្មត (AI Film Category) ជាលើកដំបូង និងផែនការដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុក (Nationwide and Overseas Screening Tours) នាពេលខាងមុខ ក្នុងគោលដៅបន្តលើកតម្កើងសិល្បៈច្នៃប្រតិដ្ឋ និងអាជីពនៃការរៀបរាប់សាច់រឿងជាខ្សែភាពយន្ត (Cinematic Storytelling)។
លោក ស៊ុំ ស៊ីថែន បានគូសបញ្ជាក់ពីទំហំជាប្រវត្តិសាស្ត្រនៃការរៀបចំលើកទី ១៥ នេះថា «មហោស្រពភាពយន្តខ្លីចតុមុខ ដើរតួនាទីសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ អស់រយៈពេល ១៥ឆ្នាំមកហើយ មហោស្រពនេះ បានផ្តល់ឱកាសដល់ទស្សនិកជនរបស់យើង ក្នុងការទទួលបានបទពិសោធន៍ ពីការស្រមើលស្រមៃរបស់ពិភពលោក ស្របពេលជាមួយគ្នានោះក៏បានបង្ហាញពីចក្ខុវិស័យ របស់សមិទ្ធករភាពយន្តកម្ពុជា ផងដែរ។ ឆ្នាំនេះយើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការបង្ហាញជូននូវភាពយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលផ្សារភ្ជាប់ទេពកោសល្យក្នុងស្រុក ជាមួយនឹងកេរ្តិ៍ឈ្មោះលំដាប់សកលដែលដើរតួ ជាចំណុចប្រសព្វដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ភាពយន្ត ទន្ទឹមនឹងការបើកទទួលរឿងផលិតដោយប្រើបញ្ញាសិប្បនិម្មិត (AI) លើកដំបូងក្នុងប្រវត្តិ CSFF»។
លោកបន្តថា ភាពយន្តអន្តរជាតិដែលត្រូវបានជ្រើសរើស សម្រាប់ឆ្នាំ២០២៦ នេះមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក យ៉ាងគួរឱ្យកត់សម្គាល់ដោយមានការចូលរួម ពីភាពយន្តដែលធ្លាប់បានចាក់បញ្ចាំង នៅតាមមហោស្រពលំដាប់កំពូលៗ ដូចជា Cannes, TIFF, SXSW, និង Berlinale ផងដែរ។ លើសពីនេះ ដើម្បីឆ្លុះបញ្ចាំងពីការវិវត្ត យ៉ាងឆាប់រហ័សនៃឧស្សាហកម្មនេះ ការរៀបចំលើកទី ១៥ នេះ បានផ្តួចផ្តើមឱ្យមានផ្នែកថ្មីមួយគឺ «ភាពយន្តខ្លី AI អន្តរជាតិ» ដែលរាប់ថាជាវេទិកាមួយក្នុងការស្វែងយល់ពីចំណុចប្រសព្វ រវាងបញ្ញា សិប្បនិម្មិត និងសិល្បៈនៃការរៀបរាប់សាច់រឿងរបស់មនុស្សយើង។
លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានភាពយន្ត តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ក្រសួងទទួលស្គាល់ដោយមោទនភាព នូវដំណើរដ៏អស្ចារ្យរយៈពេល ១៥ ឆ្នាំ របស់ «ក្រុមភាពយន្តផ្កាឈូករ័ត្ន»។ យើងលើកទឹកចិត្តដល់សមិទ្ធិករភាពយន្តវ័យក្មេង ឱ្យផ្តោតលើ ការរៀបរាប់សាច់រឿងប្រកបដោយគុណភាពខ្ពស់ ដែលលើកឡើងពីជីវភាពរាល់ថ្ងៃ ដើម្បីបន្សល់ទុក នូវមរតកវិជ្ជមានដល់កូនខ្មែរជំនាន់ក្រោយ។ រាជរដ្ឋាភិបាល បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ CSFF ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់វប្បធម៌»។
លោក ចន វិចិត្រ អនុប្រធាននាយកដ្ឋានភាពយន្ត តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ខ្ញុំបាទពិតជាអបអរដោយបានពិសោធ និងទស្សនារឿងជ័យលាភីកាលពីឆ្នាំមុន ដោយផ្ទាល់។ រឿងបែនេះ ឆ្លុះបញ្ចាំងពីបញ្ហាសង្គមសម័យទំនើប និងលើកកម្ពស់តថភាពរបស់កម្ពុជា ព្រមទាំងពង្រឹងកិត្យានុភាពយុវជនរបស់យើងទាំងក្នុងស្រុក និងក្នុងតំបន់»។
លោក ស៊ុំ ស៊ីថែន បានថ្លែងអំណរគុណដល់ដៃគូជាច្រើន ចាប់ពីទីតាំងចាក់បញ្ចាំង រហូតដល់អ្នកឧបត្ថម្ភថវិកា ដែលបានផ្តល់ធនធាន ទីតាំង និងសេចក្តីទុកចិត្តដែលចាំបាច់ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។ លោកក៏ថ្លែងអំណរគុណ ដល់ការរួមបរិច្ចាគជាឯកជនពីមហោជន ទោះបីលោកលើកឡើងកង្វល់ខ្លះៗ នៃនិរន្តរភាពរបស់ថ្នាលច្នៃប្រតិដ្ឋ ដូចជាមហោស្រពនេះ ដោយសារកង្វះខាតថវិកាដល់ជំនាន់បច្ចុប្បន្ន កម្រិតស្ថាប័ន ទោះបីក្រុមការងារបានខិតខំកៀគរផ្នែកហិរញ្ញវត្ថុ តាំងពីដើមឆ្នាំក៏ដោយ។
សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ចម្បងនៅភ្នំពេញ ភាពយន្តដែលទទួលបានជ័យលាភី អាចនឹងត្រូវនាំយកទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ដូចជាបាត់ដំបង សៀមរាប និងកែប និងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែអាស្រ័យលើបដិភាគ ហិរញ្ញវត្ថុ ដែលនឹងប្រមូលបាននៅដើមខែក្រោយ។ អ្នកស្នេហាវិស័យភាពយន្ត សិស្ស និស្សិត និងសាធារណជនទាំងអស់អាចចូលរួមទស្សនា ភាពយន្តខ្លី ហើយខ្លឹមទាំងនេះ ដោយឥតគិតថ្លៃ នៅតាមទីតាំងនានា រួមមានរោងភាពយន្ត Legend Cinema - Olympia, Sabay Cinema - AEON 1, Fable Cinema, មជ្ឈមណ្ឌលបុប្ផាណា, ផ្ទះមេត្តា, Friends Futures Factory (F3), និង Lumière Phnom Penh។ បច្ចុប្បន្នមហោស្រព CSFF កំពុងស្វែងរកការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីរៀបចំកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាល និងសកម្មភាពចុះតាមបណ្តាខេត្តនានា៕









