សាលាញូវហ្គេតវ៉េអន្តរជាតិ ប្រគល់រង្វាន់ឆ្នើម ដល់សិស្សានុសិស្សា ដែលទទួលបានលទ្ធផលល្អ ប្រចាំឆ្នាំសិស្សា ២០២៥-២០២៦ (Video inside)
24-10-2026 18:32
(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ (NGIS) បានរៀបចំពិធីប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ២០២៥-២០២៦ ដល់សិស្សានុសិស្សរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវសមិទ្ធផលឆ្នើមរបស់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។
ពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអ្នកឧកញ៉ា បណ្ឌិត ប៊ុន ណារី ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយិការសាលាញូវហ្គេតវ៉េអន្តរជាតិ និងលោកស្រី អ៊ូ ថាវ តំណាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សសរុបប្រមាណ ១,៣០០ នាក់។
អ្នកឧកញ៉ាបណ្ឌិត ប៊ុន ណារី មានប្រសាសន៍ថា ពានរង្វាន់ ដែលសិស្សានុសិស្សទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងការលះបង់នាកន្លងមក។ អ្នកឧកញ៉ា បានលើកទឹកចិត្តជ័យលាភីទាំងអស់ត្រូវបន្តរក្សានូវស្មារតីស្រឡាញ់ការរៀនសូត្រ និងការអភិវឌ្ឍខ្លួនឯងជាប្រចាំ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។
បើតាម អ្នកឧកញ៉ាបណ្ឌិត ប៊ុន ណារី ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលា NGIS ទទួលបានសមិទ្ធផលយ៉ាងត្រចះត្រចង់តាមរយៈសមត្ថភាពដ៏ឆ្នើមរបស់សិស្សានុសិស្ស ក្នុងការប្រឡងវាស់ស្ទង់សមត្ថភាពអន្តរជាតិ OISA, IGCSE AS និង A Level ព្រមសមិទ្ធផលនៃការប្រឡងភាសាចិន YCT និង HSK ការប្រកួតប្រជែងសូត្រកំណាព្យភាសាចិន ព្រមទាំងលទ្ធផលដ៏ល្អប្រសើររបស់សិស្សពូកែថ្នាក់ទី៩ ផ្នែកចំណេះដឹងទូទៅខ្មែរ។ សមិទ្ធផលទាំងនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សាលា ក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យស្របតាមបរិបទសកលលោក។
អ្នកឧកញ៉ា បណ្ឌិត បានគូសបញ្ជាក់ផងដែរ ពីបេសកកម្មរបស់ NGIS ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពភាសាខ្មែរ អង់គ្លេស និងចិន ព្រមទាំងការបណ្តុះបណ្តាលគុណធម៌ សីលធម៌ និងបំណិនជីវិត។
លោក ឡោ ឆវណ្ណា បានសម្តែងអបអរសាទរយ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំពុះពាររៀនសូត្ររហូតទទួលបានជោគជ័យ និងមេដាយជ័យលាភីនាថ្ងៃនេះ ជាពិសេសសិស្សពូកែថ្នាក់ទី៩ នៃកម្មវិធីសិក្សាភាសាខ្មែរ ក៏ដូចជាសិស្សជ័យលាភីនៃកម្មវិធីភាសាអង់គ្លេស និងភាសាចិន។ រង្វាន់ និងប័ណ្ណសរសើរដែលសិស្សានុសិស្សទាំងអស់ទទួល បាននៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតស៊ូ ព្យាយាម និងការលះបង់របស់ក្មួយៗ។
ទន្ទឹមគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលាញូវហ្គេតវ៉េអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធីសិក្សាពហុភាសាដ៏សម្បូរបែប រួមមាន កម្មវិធីភាសាអង់គ្លេស Oxford Standard កម្មវិធីភាសាចិនស្តង់ដារ YCT & HSK សហការជាមួយវិទ្យាស្ថានខុងជឺ និងកម្មវិធីចំណេះទូទៅខ្មែរ ដោយសម្រេចបាននូវលទ្ធផលគួរឲ្យមោទនៈ។ ការរួមបញ្ចូលគ្នារវាងអត្តសញ្ញាណជាតិ ភាសាសកល និងបច្ចេកវិទ្យាទំនើប គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងធនធានមនុស្សកម្ពុជាឲ្យមានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថល និងការរីកចម្រើននៃសេដ្ឋកិច្ចសកលលោក ក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។
លោក ម៉ៃ សុទ្ធា ដែលជាអាណាព្យាបាលរបស់កូនប្រុសឈ្មោះ ម៉ៃ សុខាពិទូសិស្សថ្នាក់ទី១១ បានសម្តែងនូវអារម្មណ៍រំភើបរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលសិក្សារបស់កូនប្រុស និងទទួលបានពានរង្វាន់ឆ្នើមនៅថ្ងៃនេះ។ លទ្ធផលដ៏ល្អប្រសើរនេះ គឺជាមោទកភាពមួយសម្រាប់គ្រួសារ។
លោកលើកឡើងថា ការរៀបចំកម្មវិធីប្រគល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តដ៏សំខាន់មួយ ដែលជំរុញឲ្យសិស្សានុសិស្សជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អប្រសើរ ដើម្បីសម្រេចបាននូវសមិទ្ធផលសិក្សាខ្ពស់។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់សាលា និងគ្រូបង្រៀន ដែលបានបណ្ដុះបណ្ដាលកូនប្រុសរបស់លោក ក៏ដូចជាកុមារទូទាំងប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើន និងសិក្សាដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ៕






















