ប៊ូសស្ត្រង បណ្ដុះគ្រាប់ពេជ្រគុនខ្មែរជំនាន់ថ្មី ឆ្ពោះទៅកាន់ឆាកអន្តរជាតិ
24-10-2026 11:49
(ភ្នំពេញ)៖ ក្រុមហ៊ុន ប៊ូសស្ត្រង បានបន្តបេសកកម្មដ៏សំខាន់របស់ខ្លួនក្នុងការលើកស្ទួយវិស័យកីឡាគុនខ្មែរ ដោយបានរៀបចំព្រឹត្តិការណ៍ «គុនខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ី និងជប៉ុន» ដើម្បីផ្ដល់ឱកាសដល់កីឡាករគុនខ្មែរជំនាន់ថ្មី បានបង្ហាញសមត្ថភាព និងអត្តសញ្ញាណគុនខ្មែរលើឆាកអន្តរជាតិ។
ថ្មីៗនេះ ប៊ូសស្ត្រង បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍នេះ ដែលជាផ្នែកមួយដ៏សំខាន់នៃការចូលរួមលើកស្ទួយធនធានគុនខ្មែរជំនាន់ថ្មី ឱ្យមានឱកាសឈានទៅកាន់ឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមនេះ កីឡាករវ័យក្មេងនឹងទទួលបានបទពិសោធន៍ប្រកួតជាមួយកីឡាករអន្តរជាតិខ្លាំងៗ ដែលជួយពង្រឹងសមត្ថភាព និងបង្ហាញថា កម្ពុជាក៏មានធនធានគុនខ្មែរដ៏សម្បូរបែបដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន។ ការគាំទ្ររបស់ប៊ូសស្ត្រង មិនត្រឹមតែជួយដល់ការប្រកួតក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំយកគុនខ្មែរទៅកាន់ក្រៅប្រទេសទៀតផង។ នេះជាការបើកទំព័រថ្មីមួយសម្រាប់ “គ្រាប់ពេជ្រគុនខ្មែរ” ជំនាន់ថ្មី ក្នុងការប្រមូលបទពិសោធន៍ និងលើកកម្ពស់កិត្យានុភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺ។


