Amazon លក់សមត្ថភាពសេវា Cloud ស្ទើរអស់ដល់ឆ្នាំ២០២៧ ខណៈតម្រូវការ AI កើនឡើងខ្លាំង
24-10-2026 10:03
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា សមត្ថភាពផ្តល់សេវាកុំព្យូទ័រលើ Cloud (Cloud Computing) របស់ Amazon Web Services (AWS) ត្រូវបានកក់ទុកស្ទើរតែទាំងស្រុងរហូតដល់ឆ្នាំ២០២៧ ហើយសមត្ថភាពមួយផ្នែកធំនៅឆ្នាំ២០២៨ ក៏ត្រូវបានកក់ទុកដែរ ដោយសារតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ញាសិប្បនិម្មិត (AI) កើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្លាមៗ និងសេវាកម្ម Bedrock ឬ EC2 ប៉ុន្តែសមត្ថភាពផ្នែកធំៗស្ទើរតែទាំងអស់ត្រូវបានកក់ទុកហើយ។ សមត្ថភាពមួយផ្នែកធំនៅឆ្នាំ២០២៨ ក៏ត្រូវបានកក់ទុកដែរ»។
លោក Jassy ក៏បានលើកឡើងថា ក្រុមហ៊ុនអាចបង្កើនការវិនិយោគបានច្រើនជាងនេះ ដោយចាត់ទុកថា ការប្រើប្រាស់ដើមទុនបន្ថែមមិនមែនជារឿងខុសប្រក្រតីនោះទេ ព្រោះសមត្ថភាពសេវា Cloud សម្រាប់ឆ្នាំ២០២៦ ត្រូវបានកក់ទុកអស់រួចទៅហើយ។ កាលពីដើមឆ្នាំនេះ Amazon បានប្រកាសគម្រោងចំណាយប្រមាណ ២២០ពាន់លានដុល្លារ លើការវិនិយោគមូលធននៅឆ្នាំ២០២៦។
គួរជម្រាបថា សេវា EC2 របស់ AWS ផ្តល់ម៉ាស៊ីនមេលើ Cloud សម្រាប់ដំណើរការកម្មវិធី ខណៈ Bedrock អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ម៉ូដែល AI ដើម្បីបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត។ Amazon គ្រោងនឹងប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ៕








