FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុម Bruno រិះគន់ពីប្រព័ន្ធលេងរបស់គ្រូបង្វឹក ក្រោយ Man Utd បរាជ័យស្ពឹកមុខក្នុងផ្ទះ Como

22-10-2026 09:49

(បរទេស)៖ ខ្សែបម្រើ Bruno Fernandes ប្រធានក្រុម Manchester United បានធ្វើការរិះគន់ទៅនឹងតាក់ទិចលេងរបស់អ្នកចាត់ការទូទៅ Michael Carrick បន្ទាប់ពីបិសាចក្រហមរងបរាជ័យ ៤ទល់នឹង១ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Como ក្នុងក្របខណ្ឌ UEFA Champions League 2026-27។

ទោះជាយ៉ាងណា វាជាការដាក់សម្ពាធថ្មីថែមទៀតទៅលើអ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ នៅពេលលេង ៧ប្រកួតគ្រប់កម្មវិធីមិនឈ្នះសោះ។

វាក៏ជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតផងដែររបស់ក្រុមអង់គ្លេសមួយនេះ ក្នុងពានរង្វាន់អឺរ៉ុប នាំឱ្យមានសំណួរជាច្រើនទាក់ទងនឹងអនាគតរបស់លោក Carrick ទៀតផង។

ក្រោយកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី លោក Carrick ក៏បានសុំទោសទៅកាន់អ្នកគាំទ្រប្រមាណជាង ៧០០នាក់ ដែលបានធ្វើដំណើរទៅទស្សនាផ្ទាល់ដល់ប្រទេសអ៉ីតាលី ជាមួយនឹងលទ្ធផលខកចិត្ត ស្រដៀងគ្នាទៅនឹងលោក Ole Gunnar Solskjaer ដែលធ្លាប់បានបរាជ័យ ៤-១ នៅក្នុងផ្ទះ Watford កាលខែវិច្ឆិកា ឆ្នាំ២០២១។

ចំណែកឯ Bruno វិញបានថ្លែងប្រាប់ TNT Sports ក្រោយចប់ការប្រកួតថា «វាជាការសម្រេចចិត្តចេញពីអ្នកដឹកនាំ ដោយពេលខ្លះទុកគម្លាតឆ្ងាយពេកក្នុងការទទួលបាល់ និងមិនព្យាយាមគ្រប់គ្រងបាល់ប្រកបដោយទំនុកចិត្ត»។

នេះជាការបរាជ័យលើកទី២ ក្នុងចំណោម ៣ប្រកួតនៅ UCL រដូវកាលនេះ ដែលទើបឈ្នះ ១ប្រកួតប៉ុណ្ណោះ ញាំងឱ្យ Man Utd ធ្លាក់ទៅឈរលេខ២១ ក្នុងចំណោម ៣៦ក្រុម គ្រាដែលគូប្រជែង Como ឡើងទៅឈរលេខរៀងទី៩ បណ្តោះអាសន្នវិញដោយមាន ៦ពិន្ទុ៕