FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារ «វីង» និងសមាគម «មិត្តយើង» សហការផ្តល់វគ្គបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុដល់ភ្នាក់ងារ «វីង» ជាង ២,០០០នាក់

21-10-2026 14:51

(ភ្នំពេញ)៖ ធនាគារ វីង និងសមាគមមិត្តយើង បានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីបណ្តុះបណ្តាលស្តីពី «សហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ» សម្រាប់ភ្នាក់ងារធនាគារ វីង ជាង ២.០០០ នាក់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។ កម្មវិធីនេះទទួលបានការសហការផ្តល់មូលនិធិពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមបណ្តុះបណ្តាលដោយស្ថាប័ន 3Cs។

លោក ស៊ុំ សុភ័ក្ត្រ នាយករងគ្រប់គ្រងភ្នាក់ងារ នៃធនាគារ វីង បានលើកឡើងថា «ភ្នាក់ងាររបស់យើង មិនត្រឹមតែជួយប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យទទួលបានសេវាហិរញ្ញវត្ថុប្រចាំថ្ងៃងាយស្រួលប៉ុណ្ណោះទេ ពួកគាត់ក៏កំពុងដំណើរការអាជីវកម្ម ដែលជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ។ កន្លងមក យើងតែងផ្តល់ការបណ្តុះបណ្តាលដល់ភ្នាក់ងារ ដើម្បីឱ្យពួកគាត់អាចបម្រើអតិថិជន និងផ្តល់សេវាហិរញ្ញវត្ថុចាំបាច់បានកាន់តែប្រសើរ។ តាមរយៈកិច្ចសហការនេះ យើងបន្តពង្រីកការគាំទ្រទៅមួយកម្រិតទៀត ដោយជួយឱ្យពួកគាត់ចេះគ្រប់គ្រងចំណូល រៀបចំការចំណាយក្នុងគ្រួសារ និងស្វែងយល់ពីការទទួលបានសេវាគាំពារសង្គមទៀតផង»។

ក្រៅពីជំនាញសហគ្រិនភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីបណ្តុះបណ្តាលនេះ ក៏បានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការទប់ស្កាត់ការក្លែងបន្លំ ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ចំណេះដឹងផ្នែកឌីជីថល ព្រមទាំងផលិតផលនិងសេវាកម្មផ្សេងៗរបស់ធនាគារ វីង ផងដែរ។ សិក្ខាកាមដែលចូលរួម នឹងទទួលបានការណែនាំអំពីការចុះបញ្ជីអាជីវកម្ម តាមថ្នាលឌីជីថលសម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CamIE) និងការគាំទ្រក្នុងការចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ផងដែរ។

លោក ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមិត្តយើង មានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយធនាគារ វីង លើកម្មវិធីដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រចាំថ្ងៃរបស់សិក្ខាកាម ក៏ដូចជាភ្នាក់ងារធនាគារ វីង។ ភ្នាក់ងារ គឺជាចំណុចស្នូលនៃការតភ្ជាប់សេវាកម្មហិរញ្ញវត្ថុនៅក្នុងសហគមន៍។ នៅពេលដែលពួកគាត់យកចំណេះដឹង ដែលទទួលបានទៅអនុវត្តជាក់ស្តែង អត្ថប្រយោជន៍ទាំងនោះមិនត្រឹមតែជួយដល់អាជីវកម្ម និងគ្រួសាររបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងបម្រើសេវាកម្មជូនទៀតផង​»។

កម្មវិធីនេះ បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងបន្តរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៧។ វគ្គបណ្តុះបណ្តាលនេះ ចែកចេញជា ៧ វគ្គ ដោយមានសិក្ខាកាមចូលរួមប្រមាណ ៣០០ នាក់ក្នុងមួយវគ្គៗ ហើយនឹងប្រព្រឹត្តទៅនៅតាមរាជធានី-ខេត្តរួមមាន ភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ចាម ក្រចេះ បាត់ដំបង និងសៀមរាប។

បច្ចុប្បន្ន ធនាគារ វីង មានភ្នាក់ងារជាង ១២.០០០ កន្លែង ដែលក្នុងនោះប្រមាណ ៨០% គឺជាស្ត្រី។ ពួកគាត់ជាច្រើនគឺជាអ្នកម្តាយ និងស្ត្រីមេផ្ទះ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងរឹងមាំបំផុត ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃបណ្តើរ និងមើលថែទាំកូនៗព្រមទាំងគ្រួសារ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដើម្បីភ្ជាប់ចំណេះដឹងអាជីវកម្មប្រចាំថ្ងៃ ទៅនឹងការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារ និងការទទួលបានអត្ថប្រយោជន៍ ពីរបបគាំពារសង្គម។

ចង់ទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅក្នុងសហគមន៍? សូមស្វែងយល់បន្ថែមអំពីឱកាសក្លាយជាភ្នាក់ងារធនាគារ វីង ថ្ងៃនេះ! (https://www.wingbank.com.kh/en/wing-agent)៕