FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគ្រិនខ្មែរ ឧកញ៉ា សឹង ចាតវិជ្ជា បញ្ចេញសាប៊ូដុសខ្លួនថ្មី «សុខមាល» មាន៣ក្លិន ដាក់លក់លើទីផ្សារ

20-10-2026 21:19

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រចំពោះផលិតផលសាប៊ូកក់សក់ «សុខមាល» លោកឧកញ៉ា សឹង ចាតវិជ្ជា ដែលជាសហគ្រិនខ្មែរ បានបន្តពង្រីកផលិតផលរបស់ខ្លួន ដោយដាក់ចេញនូវសាប៊ូដុសខ្លួនថ្មី «សុខមាល» ចំនួន៣ក្លិន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងចូលរួមជំរុញការគាំទ្រផលិតផលក្នុងស្រុក។

ក្នុងឱកាសសម្ពោធបង្ហាញផលិតផលថ្មី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧកញ៉ា សឹង ចាតវិជ្ជា បានឲ្យដឹងថា រោងចក្រផលិតផលិតផលថែរក្សាសម្រស់របស់លោក ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានគោលបំណងបង្ហាញពីសមត្ថភាពរបស់សហគ្រិនខ្មែរ ក្នុងការបង្កើត និងអភិវឌ្ឍផលិតផលក្នុងស្រុក។

លោកបានថ្លែងថា «រោងចក្រនេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦នេះឯង។ គោលបំណងធំនៃការបង្កើតរោងចក្រនេះ គឺដោយសារតែការឈ្លានពានពីប្រទេសជិតខាងមកលើទឹកដីរបស់យើង។ យើងមានការឈឺចាប់ ទើបយើងរួមចិត្ត រួមកម្លាំងគ្នាបង្កើតនូវរោងចក្រនេះឡើង ដើម្បីបង្ហាញថាខ្មែរក៏អាចធ្វើបាន!»។

បច្ចុប្បន្ន រោងចក្រនេះមានខ្សែសង្វាក់ផលិតកម្មចំនួន៤ ដែលកំពុងដំណើរការ ដោយមានផលិតផលសាប៊ូកក់សក់ «សុខមាល» ជាផលិតផលដំបូង និងសាប៊ូដុសខ្លួន «សុខមាល» ជាផលិតផលថ្មី ព្រមទាំងមានគម្រោងបន្តអភិវឌ្ឍផលិតផលថែរក្សាសម្រស់ផ្សេងៗទៀតនាពេលអនាគត។

សាប៊ូដុសខ្លួន «សុខមាល» ថ្មីនេះ មានចំនួន៣ក្លិន និង៣ពណ៌ រួមមាន៖ ក្លិនសាគូរ៉ា ប៉ារីស ក្លិនក្រូច និងក្លិនប៉ោមខៀវ។ ផលិតផលនេះត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាព ព្រមទាំងមានការផ្សារភ្ជាប់ជាមួយរូបមន្តពីប្រទេសកូរ៉េ និងដំណើរការផលិត និងវេចខ្ចប់នៅកម្ពុជា។

តាមការបញ្ជាក់ពីក្រុមហ៊ុន សាប៊ូដុសខ្លួន «សុខមាល» មានលក្ខណៈពិសេសដូចជា ជួយសម្អាតស្បែកបានជ្រះល្អ ជួយឱ្យស្បែកមានសភាពទន់រលោង និងមានសំណើម ព្រមទាំងមានសារធាតុ Vitamin B5 និង Glycerin។ ផលិតផលនេះក៏មានពពុះច្រើន និងត្រូវបានរៀបចំឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការថែរក្សាស្បែកប្រចាំថ្ងៃ។

ចំពោះតម្លៃ សាប៊ូដុសខ្លួន «សុខមាល» មានចំណុះ១,០០០មីលីលីត្រ ក្នុងតម្លៃត្រឹមតែ២០,០០០រៀលប៉ុណ្ណោះ ដែលក្រុមហ៊ុនរំពឹងថានឹងអាចឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងប្រកួតប្រជែងនៅលើទីផ្សារបាន។

លោកឧកញ៉ា សឹង ចាតវិជ្ជា បានបញ្ជាក់ថា ដោយសារផលិតផលសាប៊ូកក់សក់ «សុខមាល» ទទួលបានការគាំទ្រ និងការបញ្ជាទិញពីអតិថិជន ផលិតផលថ្មីនេះក៏ត្រូវបានរំពឹងថានឹងបំពេញតម្រូវការទីផ្សារបានកាន់តែប្រសើរ។ បច្ចុប្បន្ន រោងចក្រមានសមត្ថភាពផលិតរហូតដល់៤ម៉ឺនដបក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

លោកបានបន្ថែមថា ការវិនិយោគលើការផលិតក្នុងស្រុក គឺជាឱកាសមួយសម្រាប់សហគ្រិនខ្មែរ ក្នុងការបង្ហាញសមត្ថភាព និងចូលរួមបង្កើនជម្រើសផលិតផលក្នុងស្រុក ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងយកចិត្តទុកដាក់លើការគាំទ្រផលិតផលខ្មែរ។

ជាមួយនឹងការដាក់ចេញនូវផលិតផលថ្មីនេះ ក្រុមហ៊ុនសង្ឃឹមថានឹងទទួលបានការគាំទ្របន្ថែមពីសំណាក់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការជំរុញសហគ្រិនភាពខ្មែរ ព្រមទាំងការអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើន៕