FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៖ «​សម្តេចធិបតី ហ៊ុន ម៉ាណែត តែង​តែគិតគូរ​ជាប់​ជានិច្ច​ក្នុងការ​​ជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំពារអ្នកសិល្បៈ ពិសេស​សិល្បករ​ចាស់ៗ»

19-10-2026 14:37

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគូសរំលេចថា នៅក្នុងវិស័យសិល្បៈ​វប្បធម៌ សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដាក់ចេញនូវគោលនយោបាយអាទិភាព​ក្នុងការថែរក្សា ការពារ អភិវឌ្ឍវិស័យ​សិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។ ពិសេសសម្តេចមហាបវរ​ធិបតី និង​លោកជំទាវបណ្ឌិត តែង​តែគិតគូរ​ជាប់​ជានិច្ច​ក្នុងការ​​ជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំពារសិល្បករសិល្បការិនី ពិសេស​សិល្បករ​ចាស់ៗ​ដែលបាត់បង់លទ្ធភាពសម្តែង ឬបម្រើវិស័យសិល្បៈ។

លោកជំទាវអ្នកឧកញ៉ា ​ពិតជា​មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ប្រកបដោយ​ឧត្តមគតិស្នេហាជាតិ របស់សម្តេច​ពិតជា​នឹងនាំកម្ពុជា ឱ្យ​សម្រេចបាននូវសមិទ្ធផលយ៉ាង​ធំធេង​ ជាប្រវត្តិសាស្ត្រជាច្រើន អាចជម្នះបាននូវរាល់ឧបសគ្គតូចធំ ពិសេស​នឹង​រឹងរឹតធ្វើឱ្យប្រទេស​កម្ពុជា​កាន់តែមានវឌ្ឍនភាព កិត្យានុភាព​​​ខ្ពង់ខ្ពស់ ប្រជាជនសម្បូរសប្បាយ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ​​សុភមង្គល និងវិបុលភាព។

ក្នុងឱកាសដ៏វិសេសវិសាល និងមហានក្ខត្តឫក្សប្រកបដោយសិរីមង្គល នៃពិធីចម្រើនជន្មាយុគម្រប់៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំ និងស្វាមី ព្រម​ទាំង​សមាជិកសមាជិកាទាំង​អស់នៃសមាគមសិល្បករខ្មែរ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគារវៈគោរពជូនពរដ៏ស្មោះស្ម័គ្របំផុត ជូន​ចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់។

«ក្នុងនាមសមាគមសិល្បករខ្មែរ ​រូបនាងខ្ញុំផ្ទាល់ និង​ស្វាមី សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែង ​ចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ សម្តេចមហាបវរធិបតី ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងការបន្តជំរុញកំណែទម្រង់ ការពង្រឹង និងពង្រីក​ចំណង​ការទូត ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ»។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងបន្តថា «ក្នុងទិវាប្រកបដោយក្តីសោមនស្សប្រពៃថ្លៃថ្លា​នេះ យើងខ្ញុំទាំងអស់គ្នា​សូមគោរព​បួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល ភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ពិសេស​សូម​ជួបប្រទះ​នូវ​ពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចមហាបវរធិបតី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសេចក្តីជូនពរដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ»៕