FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីសហព័ន្ធកីឡាវ៉ូវីណាម ជំរុញគ្រូបង្វឹកផ្ដល់ចំណេះដឹង និងចំណេះធ្វើ ដើម្បីធានាការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី

18-10-2026 14:03

(ភ្នំពេញ)៖ លោក កែវ ហុកលី អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានជំរុញគ្រូបង្វឹក ត្រូវផ្ដល់ចំណេះដឹង និងចំណេះធ្វើ ដល់កីឡាករ-កីឡាការិនី ដើម្បីធានាបាននូវការអភិវឌ្ឍធនធានអត្តពលិកប្រកបដោយគុណភាព និងនិរន្តរភាព។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ ឆ្នាំ២០២៦ បន្ទាប់ពីវគ្គនេះ បានរៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្ដរជាតិលោក ង្វៀង វ៉ាន់គឿង និងលោក ទេព ជីវសុខុម។ វគ្គនេះ មានសិក្ខាកាម ២៩នាក់ មកពី ១៨ក្លិបចូលរួម។

ក្រោយឆ្លងកាត់សិក្សា ទាំងទ្រឹស្ដី និងការអនុវត្តមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងស្មារតីទទួលខុសត្រូវតាមតួនាទីក្នុងការរៀបចំវគ្គ ក៏ដូចជាការចូលរួមរបស់សិក្ខាកាមដែលជាគ្រូបង្វឹកមកពីតាមបណ្ដាក្លិបរាជធានី-ខេត្ត ក្នុងវគ្គរៀបចំដោយសហព័ន្ធ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានេះ។

ទន្ទឹមជាមួយគ្នា លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តប្រឹងប្រែង ខិតខំក្នុងការយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឲ្យ ដើម្បីយកទៅអនុវត្តក្នុងការបង្វឹក ក៏ដូចជាការចែករំលែកនូវចំណេះដឹងនៃក្បាច់គុនកីឡាវ៉ូវីណាមឲ្យបានទូលំទូលាយ មិនថានៅក្នុងស្រុក ឬលើឆាកអន្តរជាតិនោះទេ ក្នុងគោលដៅផលិតបាននូវធនធានកីឡាករ-កីឡាការិនី សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោក កែវ ហុកលី បន្ដថា «ក្នុងនាមយើងជាគ្រូបង្វឹកម្នាក់ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ឲ្យបានដល់កីឡាការ-កីឡាការិនីជៀសវាងការបាក់ទឹកចិត្តជាហេតុធ្វើឲ្យវិស័យកីឡាមានការធ្លាក់ចុះ»។ បន្ថែមលើនេះ សហព័ន្ធក៏មានគម្រោងស្នើជំនាញការអន្ដរជាតិ មកធ្វើជាគ្រូឧទ្ទេសក្នុងវគ្គនាឆ្នាំក្រោយៗទៀត ដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅទិសដៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗ ស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕