FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ជាវេទិកាមានអត្ថប្រយោជន៍អប់រំ និងបណ្ដុះបណ្ដាលកុមារ លើសពីកីឡា

16-10-2026 21:11

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ឬ Cambodia Baby Olympics គឺជាវេទិកាអប់រំ និងបណ្ដុះបណ្ដាលកុមារដ៏មានសារៈសំខាន់បំផុតមួយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំឡើងដើម្បីបណ្ដុះស្មារតីកីឡា និងការអភិវឌ្ឍនូវរាង្គកាយ បញ្ញាស្មារតី រួមទាំងវិន័យដល់កុមារតាំងពីតូចៗទៅ។

នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ជាមួយគម្រោងរៀបចំកាន់តែធំ និងអធិកអធមជាងមុន។

ឆ្លើយតបភាពជោគជ័យក្នុងការរៀបចំលើកដំបូង និងសំណូមពររបស់អាណាព្យាបាល គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី២ ត្រៀមរៀបចំកាន់តែពិសេស ដោយដំឡើងកម្រិតអាយុពី ១ឆ្នាំ រហូតដល់ ១០ឆ្នាំ ផ្ទុយពីឆ្នាំមុន រៀបចំត្រឹមកម្រិតអាយុក្រោម ៧ឆ្នាំ ។ រីឯប្រភេទកីឡា ក៏ត្រូវបានរៀបចំកាន់តែច្រើន គឺមាន ១០ប្រភេទ រួមមានកីឡាវារ, រត់ប្រណាំង, បាល់ទាត់, ប្រណាំងកង់ដោល, វាយសី, តេក្វាន់ដូ, បាល់បោះ, វាយកូនហ្គោល, ផិកក្ដូប៊ល និងកីឡាហែលទឹក។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនផ្ដោតលើលទ្ធផលឈ្នះចាញ់ ឬការប្រកួតប្រជែងយកមេដាយនោះទេ អ្វីដែលសំខាន់គឺការចូលរួមរបស់កុមារកម្ពុជា ព្រោះនេះជាសាលារៀនជីវិតជាក់ស្ដែងមួយសម្រាប់កុមារ តាមរយៈអត្ថប្រយោជន៍ដ៏ច្រើន ដែលអាណាព្យាបាលគ្រប់រូបគប្បីគួរចុះឈ្មោះនាំយកូនៗមកចូលរួមលេងកម្សាន្ដ។ ភាពសប្បាយរីករាយពីការចូលរួមសម្រាប់កុមារជារឿងមួយ តែក្នុងនោះឪពុកម្ដាយ ពូមីង យាយតា ក៏នឹងរីករាយជាមួយកូនៗ ចៅៗ របស់ខ្លួនផងដែរ។

សម្រាប់ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកឆ្នាំនេះដែរ នឹងធ្វើឡើងក្រោមប្រធានបទដ៏មានអត្ថន័យគឺ "Born TO WIN" មានន័យថា មនុស្សម្នាក់ៗ កើតមកភ្លាមគឺមានសិទ្ធស្វែងរកភាពជោគជ័យ ហើយដើម្បីជោគជ័យ ចាំបាច់ត្រូវមានភាពរឹងមាំក្នុងកីឡា ។ ដូច្នេះការរៀបចំនេះ គឺផ្តោតសំខាន់លើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកុមារតាំងពីវ័យក្មេង ទាំងផ្នែករាង្គកាយ ស្មារតី និងផ្លូវចិត្ត ដើម្បីបន្សាំពួកគេទៅនឹងការលេងកីឡា ព្រមទាំងបង្កើតធនធានដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត។

លោកថា ព្រឹត្តិការណ៍នេះ មានគោលបំណងសំខាន់ ក្នុងការបណ្តុះបណ្តាលកុមារឲ្យចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង មានស្មារតីរឹងមាំក្នុងការប្រឈមមុខនឹងជីវិតរស់នៅប្រចាំថ្ងៃ។ អប់រំផ្នែកអត្តចរិត និងវិន័យ ជួយឲ្យកុមារចេះគោរពច្បាប់កីឡា យល់ដឹងពីរបៀបលេងត្រឹមត្រូវ និងការខិតខំជម្នះឧបសគ្គនានាដើម្បីសម្រេចបានជោគជ័យ។ លើសពីនេះ ក៏ជួយពង្រឹងទំនាក់ទំនងល្អក្នុគ្រួសារ ហើថែមទាំងជួយឲ្យអាណាព្យាបាលមើលឃើញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កូនៗ ដើម្បីងាយស្រួលក្នុងការតម្រង់ទិស បណ្ដុះការស្រឡាញ់កីឡា ធ្វើសកម្មភាពរាង្គកាយ និងពង្រឹងសតិបញ្ញាទៀតផង។

ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន ក៏បានផ្ញើសារដល់អាណាព្យាបាលគ្រប់រូប ក្នុងការជំរុញកូនៗឲ្យលេងកីឡាតាំងពីក្មេងតូចៗ គឺជាសកម្មភាពដ៏ល្អក្នុងសម័យឌីជីថល ដោយមិនកាត់បន្ងយនូវការលេងទូរស័ព្ទនាំឲ្យប៉ះពាល់ដល់ការរីកលូតលាត់បញ្ញាស្មារតីនោះទេ ថែមទាំងជាឱសថជួយព្យបាលជំងឺជាច្រើនទៀត ពិសេសគឺជំងឺភ័យខ្លាច ដែលជួយឲ្យកុមារមានភាពក្លាហាន និងចូលរួមក្នុងសកម្មភាពសង្គម។ រីឯជំងឺរ៉ាំរ៉ៃជាច្រើន ដូចជាជំងឺផ្លូវដង្ហើម រហូតដល់ជំងឺទឹកនោមផ្អែមជាដើម ក៏ត្រូវបានពិសោធន៍ឃើញថា ជាសះស្បើយ ក្រោយអនុវត្តសកម្មភាពកីឡាជាប្រចាំផងដែរ។

តាមរយៈនេះលោកបានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ រួសរាន់ចុះឈ្មោះនាំកូនៗចូលរួមព្រឹត្តិការណ៍ខាងលើ ដ្បិតចំនួនបេក្ខភាពកុមារចូលរួម លើកទី២ នេះ ត្រូវបានកំណត់ត្រឹមតែ ៥៥៥នាក់ប៉ុណ្ណោះ ដើម្បីធានាបាននូវផាកសុខភាព និងសុវត្ថិភាពក្នុងការរៀបចំ ក៏ដូចជាការចូលរួមរបស់កុមារផង និងអាណាព្យបាលរបស់ពួកគេផងដែរ៕