រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរឆ្នាំនេះ ទាក់ទាញអ្នកចូលរួម ១២,០០០នាក់ ខណៈការចុះឈ្មោះបន្ដដល់ចុងខែតុលា
14-10-2026 16:00
(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៣១ នៅអង្គរវត្ត ខេត្តសៀមរាប នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ដោយមកទល់ពេលនេះ មានអត្តពលិកជាតិ-អន្ដរជាតិប្រមាណ ១២,០០០នាក់ហើយដែលបានចុះឈ្មោះ ខណៈគណៈកម្មការរៀបចំនឹងបន្ដទទួលចុះឈ្មោះរហូតដល់ចុងខែតុលា។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡារត់ប្រណាំងលក្ខណៈមហាជនដ៏ធំជាងគេប្រចាំឆ្នាំ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបន្ដថា តួលេខនៃការចុះឈ្មោះនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ គឺមានការថយចុះបន្ដិច ហើយទម្រាំដល់ថ្ងៃព្រឹត្តិការណ៍ផ្លូវការ លោករំពឹងថា អ្នកចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ អាចមានការថតចុះបន្ដិច ដ្បិតកាលពីឆ្នាំមុន មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់បានចូលរួម។ ការណ៍នេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះផង ក៏ដូចជារួមចំណែកជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមផង។
ទោះបីអ្នកចូលរួមរត់ឆ្នាំនេះ អាចប្រឈមនឹងការថយចុះបន្ដិច ដោយសារបញ្ហាសកលជាច្រើន រាប់ទាំងបញ្ហាគ្រោះធម្មជាតិ និងវិបត្តិសេដ្ឋកិច្ចពិភពលោកជាដើម តែក្នុងនាមគណៈកម្មការរៀបចំ បានប្ដេជ្ញាក្នុងការរៀបចំ និងរក្សាឲ្យបាននូវគុណតម្លៃនៃព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ និងសុវត្ថិភាពជូនដល់អត្តពលិកជាតិ ក៏ដូចជាអន្ដរជាតិមកពីជុំវិញពិភពលោក ក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមជាមួយបទពិសោធន៍ដ៏អស្ចារ្យក្នុងការរត់នៅតំបន់បេតិកភណ្ឌពិភពលោកនេះផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។
សម្រាប់គោលបំណងនៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ គឺរក្សានៅដដែល គឺដើម្បីការងារមនុស្សធម៌ និងជួយជនរងគ្រោះដោយសារគ្រាប់មីន គាំទ្រដល់មន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន។ មិនតែប៉ុណ្ណោះ ក៏ជាការបំផុសនូវយុទ្ធនាការការពារបរិស្ថានក្នុងតំបន់បេតិកភណ្ឌ និងបំផុសចលនាកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ស្របតាមយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដែលមិនត្រឹមជួយឲ្យប្រជាពលរដ្ឋមានសុខភាពល្អ តែថែមជួយដល់សេដ្ឋកិច្ចសង្គមជាតិទៀតផង។
ចំពោះវិញ្ញាសារត់នៃព្រឹត្តិការណ៍ខាងលើ គឺមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ ដោយសារពេលវេលាចុះឈ្មោះខិតជិតនឹងបិទ គណៈកម្មការរៀបចំបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយអំពីសក្ដានុពល និងកេរ្ដិ៍ឈ្មោះរបស់កម្ពុជាទៅកាន់ពិភពលោក ជាទីកន្លែងប្រកបដោយសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍គ្រប់ទិសទីមកលេងកម្សាន្ដ បានគ្រប់ពេលវេលា ក៏ដូចជាការវិនិយោគផងដែរ៕









