ក្រុមអត្តពលិកម្ពុជា បញ្ចប់បេសកកម្មប្រកួតកីឡាអាស៊ី លើកទី២០ ដោយឈ្នះមេដាយ ៤គ្រឿងជូនជាតិ
05-10-2026 09:50
(ភ្នំពេញ)៖ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុនជាផ្លូវការ ដោយឈ្នះមេដាយសំរឹទ្ធ ៤គ្រឿងជូនជាតិ។
ព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដោយមានអត្តពលិកចំនួន ៤៦ប្រទេសចូលរួម។
ឆ្លងកាត់ការប្រកួតជាង ២សប្ដាហ៍ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿង ក្នុងនោះរកបានដោយក្រុមកីឡាបាល់ទាត់លើតុ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន, យ៉ន សោភ័ណ្ឌរស្មី និង ម៉ី ស្រីមាស។ កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ដោយកីឡាការិនី វ៉ាន់ ចរិយា និងកីឡាគុនចម្រុះ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ដោយកីឡាការិនី ចេង ដាលីន ដែលនាំឲ្យកម្ពុជាឈរលេខរៀងទី៣៥ ក្នុងចំណោមបណ្ដាប្រទេសចូលរួម។
ដោយឡែកប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ គឺក្រុមអត្តពលិកសាធារណៈប្រជាមានិតចិន ដណ្ដើមបានមេដាយសរុប ៣៤១គ្រឿង (មាស១៦៩, ប្រាក់៨៩ និងសំរឹទ្ធ៨៣) គ្រាដែលម្ចាស់ផ្ទះជប៉ុន ឈរលេខ២ ដណ្ដើមបានមេដាយសរុប ២៦៩គ្រឿង (មាស៨៣, ប្រាក់៩៥ និងសំរឹទ្ធ៩១) និងកូរ៉េងខាងត្បូង ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១៥០គ្រឿង (មាស៣៩, ប្រាក់៤៣ និងសំរឹទ្ធ៦៨)៕




