កម្ពុជា ត្រូវជួបម្ចាស់ផ្ទះហុងកុង ដណ្ដើមពាន FIFA ASEAN Cup 2026 ខណៈជួបគ្នាចុងក្រោយ កម្ពុជាឈ្នះ ២-០
01-10-2026 09:23
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះហុងកុង ក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 (Division 2) នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនៅកីឡដ្ឋាន Kai Tak ខណៈជួបគ្នាចុងក្រោយ កម្ពុជាបានយកឈ្នះ ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីដើមខែមិថុនាកន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
សម្រាប់ក្រុមគោព្រៃកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រនេះ ក្រោយឈរកំពូលតារាងពូល B ដោយរកបាន ៤ពិន្ទុ ពីការយកឈ្នះមីយ៉ាន់ម៉ា ១-០ និងស្មើទីម័រខាងកើត ២-២ គ្រាដែលហុងកុង ឈរកំពូលតារាងពូល A រកបាន ៦ពិន្ទុពេញពីការយកឈ្នះក្រុមឡាវ ៤-០ មុនបន្ដយកឈ្នះក្រុមប្រ៊ុយណេ ២-០ កាលពីយប់មិញ។
វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) នេះ គឺជាការប្រកួតដ៏សំខាន់ និងមានអត្ថន័យខ្លាំងបំផុតមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលទើបស្គាល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូងក្នុងប្រវត្តិសាស្ដ្រជាង ៧០ឆ្នាំ។ លើសពីការប្រជែងជើងឯក ក៏ដើម្បីបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់ជាតិ ហើយក៏ជាឱកាសក្នុងការឡើងទៅលេងកម្រិតទី១ ឬ Division 1 នារដូវកាលក្រោយផងដែរ។
ជាការពិតកាលជួបគ្នាលើកចុងក្រោយ កម្ពុជាបានយកឈ្នះហុងកុង ២-០ លើទឹកដីរបស់ខ្លួន។ ប៉ុន្ដែជំនួបដ៏សំខាន់ចុងសប្ដាហ៍នេះ អ្នកគាំទ្ររំពឹងមិនមែនជាការប្រកួតងាយស្រួលឡើយ ដ្បិតត្រូវប្រកួតលើទឹកដីហុងកុង ហើយគ្រប់គ្នាសុទ្ធតែបានដឹងពីគុណភាពកីឡាករ និងក្រុមកំពុងឈរលេខរៀងទី១៥៣ លើពិភពលោកនេះ។ បែបនេះក្ដី អ្នកគាំទ្រជឿជាក់លើការខំប្រឹងរបស់ក្រុមគោព្រៃ នឹងពួតដៃគ្នា ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មីម្ដងទៀត៕







