មន្ដ្រីកីឡាកាយសម្ព័ន្ធ រំពឹងសិក្ខាកាមយកចំណេះដឹងសាបព្រួសចំគោលដៅ ក្រោយទទួលបានបច្ចេកទេសថ្មី គរុកោសល្យទំនើប ពីវគ្គបណ្ដុះបណ្ដាល ៥ថ្ងៃ

25-09-2026 11:16

(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ស្ដីពីគ្រូបង្វឹកជំនាញអភិវឌ្ឍន៍យុវជនថ្នាក់ជាតិ National Development Youth MAG Academy in Aerobic (កម្រិត១-២) និងការបោះជំរំហ្វឹកហាត់ Training Camp ប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា នៅក្លិបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ រំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងនាំយកចំណេះដឹង បច្ចេកទេសថ្មីៗ និងគរុកោសល្យទំនើប ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបន្ដឲ្យចំគោលដៅ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាផលិតបាននូវគ្រាប់ពូជបន្ដវេន ក្នុងវិស័យកីឡាអូឡាំពិកមួយនេះឲ្យកាន់តែច្រើន សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោកថា ឆ្លងតាមការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ អស់រយៈពេល ៥ថ្ងៃកន្លងមក ជាលទ្ធផលសិក្ខាកាមទទួលបាននូវបច្ចេកទេសថ្មីៗ គរុកោសល្យទំនើប និងបទពិសោធន៍អនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពបង្វឹក វិធីសាស្ត្រចលនា ការរៀបចំមេរៀនកីឡាកាយសម្ព័ន្ធជារបៀបស្តង់ដារ ភាពបត់បែន (Flexibility) កម្លាំងសាច់ដុំ (Strength) តុល្យភាព (Balance) និងបច្ចេកទេសការពារសុវត្ថិភាពពេលហ្វឹកហាត់ក្បាច់នីមួយៗ។

ដូច្នេះបន្ទាប់ពីការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម និងការវាយតម្លៃ ក្នុងចំណោមសិក្ខាកាម ២២នាក់ (ស្ដ្រី ៧នាក់) គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ១៣នាក់ ស្មើ ៥៩.៩%, និទ្ទេសបង្គួរចំនួន ៥នាក់ ស្មើ ២២.៧២% និងនិទ្ទេសមធ្យមចំនួន ៤នាក់ ស្មើ ១៨.១៨%។ ក្នុងនាមសហព័ន្ធ លោកបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងអស់ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ប្រកបដោយគុណតម្លៃ ពិសេសគឺការជំរុញកីឡាករ-កីឡាការិនីវ័យក្មេង ឲ្យទទួលបានទាំងបច្ចេកទេស និងសុខសុវត្ថិភាពខ្ពស់ក្នុងការហ្វឹកហាត់។

បន្ថែមលើនេះ ក្នុងនាមលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ដូចជាក្នុងនាមជាអគ្គលេខាធិការ និងជាគ្រូឧទ្ទេសផ្ទាល់ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រលើគម្រោងប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដ៏កក់ក្ដៅ ធ្វើឲ្យវគ្គនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕