FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយបេសកកម្ម៖ មិនថាជួបថៃ ឬប្រទេសណា អត្តពលិកកម្ពុជា នឹងរក្សានូវស្មារតីកីឡា ដោយគ្មានការរើសអើង និងចងចាំជានិច្ចនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន

17-09-2026 14:42

(ភ្នំពេញ)៖ ការគោរពវិន័យ និងបទបញ្ជាការប្រកួត គឺជាស្មារតីកីឡារបស់អត្តពលិកកម្ពុជាគ្រប់រូប រាល់ពេលចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា រួមទាំងបេសកកម្មចូលរួមការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ផងដែរ។ ដូច្នេះទោះបីត្រូវជួបកីឡាករ-កីឡាការិនីថៃ ឬអត្តពលិកមកពីប្រទេសណាក៏ដោយ ក្រុមកីឡាកម្ពុជា នឹងរក្សានូវគុណតម្លៃនេះ ដោយគ្មានការរើសអើង ស្របតាមនិយាមអន្ដរជាតិ ពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា ដែលតែងផ្ដាំផ្ញើជារឿយៗដល់អត្តពលិកកម្ពុជានាពេលកន្លងមក។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជានាយបេសកកម្មកីឡាកម្ពុជា ក្នុងឱកាសដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិក ៤ប្រភេទកីឡា រួមមានកីឡាទ្រីយ៉ាត្លុង ការ៉ាតេ គុនចម្រុះ និងហែលទឹក ក្នុងចំណោម ១៤ប្រភេទ ធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុននារាត្រីថ្ងៃពុធ មុនការប្រកួតផ្លូវការ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា និងបិទការប្រកួតនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

នាយបេសកកម្មខាងលើបានឲ្យដឹងថា មុនចេញទៅប្រកួតកីឡាអាស៊ីលើកនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំវគ្គបំប៉នអំពីវិន័យ និងក្រមសីលធម៌កីឡាដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ព្រមទាំងបានរំឮកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលតាំងតែផ្ដាំផ្ញើដល់ប្រតិភូកីឡាកម្ពុជា ត្រូវរក្សាឲ្យបាននូវសេចក្ដីថ្លៃថ្នូរ និងកិត្តិយសជាតិ ទោះបីឈ្នះ ក៏ឈ្នះដោយកិត្តិយស ទោះបីចាញ់ក៏ចាញ់ដោយកិត្តិយស។ លើសពីនេះមុនចេញដំណើរ ក៏មានពិធីជួបសំណេះសំណាល លើកទឹកចិត្ត និងផ្ដាំផ្ញើពីលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

លោក វ៉ាត់ ចំរើន បន្ដថា «នៅក្នុងកីឡា ទោះបីត្រូវជួបជាមួយដៃគូ ជាកីឡាករ-កីឡាការិនីថៃ ឬអត្តពលិកណាក៏ដោយ គឺតម្រូវឲ្យគោរពបទបញ្ជាការប្រកួត គោរពដៃគូប្រកួត គេមិនឲ្យមានការរើសអើង។ ក្នុងនាមយើងជាប្រទេសមានអរិយធម៌ដ៏ល្អផូផង់ មានសុជីវធម៌ គុណធម៌ ហើយតែងប្រកាន់ភ្ជាប់នូវវិន័យ គោរពបទបញ្ជាការប្រកួត និងក្រមសីលធម៌កីឡា សេចក្ដីថ្លៃថ្នូរ គឺយើងមិនមានការអ្វី ដែលត្រូវធ្វើឲ្យប៉ះពាល់លើសពីការប្រកួតកីឡាទេ»

«រឿងរបស់គេ (ថៃ) បើគេចង់ធ្វើអ្វី ជារឿងរបស់គេ ទុកឲ្យគេបង្ហាញទៅពិភពលោកចុះ ប៉ុន្ដែសម្រាប់អត្តពលិករបស់យើងនៅតែរក្សាស្មារតីកីឡា ស្មារតីប្រកួតកីឡាជាមួយគ្នា ដោយគោរពទៅតាមបទបញ្ជាការប្រកួតកីឡាអាស៊ី ក៏ដូចជាសហព័ន្ធកីឡាអន្ដរជាតិ។ ប៉ុន្ដែអ្វីសំខាន់បំផុត គឺយើងជំរុញទឹកចិត្តនៃការប្រយុទ្ធរាល់ការប្រកួតរបស់អត្តពលិកយើង ឲ្យដល់កំពូលក្នុងការប្រកួតប្រជែងនេះ ពោលគឺប្រកួតឲ្យអស់ពីសមត្ថភាព លទ្ធភាព និងការប្ដេជ្ញាចិត្តខ្ពស់របស់ពួកគាត់។ នេះគឺជាអ្វីដែលយើងចង់បាន»

គួរដឹងថា កីឡាអាស៊ី ឆ្នាំ២០២៦ នេះ កម្ពុជា បានបញ្ជូនអត្តពលិក ១៤ប្រភេទ ដែលមានកីឡាករ-កីឡាការិនីសរុប ១០៦នាក់។ ពេលនេះមានអត្តពលិក ៦ប្រទេសហើយ ដែលបានធ្វើដំណើរដល់ជប៉ុន រួមមានកីឡាបាល់ទាត់លើតុ, សូហ្វតេន្នីស, ទ្រីយ៉ាត្លុង, ការ៉ាតេ, គុនចម្រុះ និងហែលទឹក ហើយ ៨ប្រភេទកីឡាទៀត នឹងត្រូវធ្វើដំណើរជាបន្ដបន្ទាប់ តាមកាលវិភាគ និងកម្មវិធីប្រកួតរបស់ខ្លួន។

ជាមួយបេសកកម្មដ៏កក់ក្ដៅ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី មុនចេញដំណើរនេះ គឺជាសក្ខីកម្មមួយ ដែលជំរុញដល់ចិត្តសាស្ដ្រកីឡា សម្រាប់កីឡាករ-កីឡាការិនីក្នុងការត្រៀមការប្រកួតកាន់តែខ្លាំងក្លា ជាក់ស្ដែងទឹកមុខ និងឆន្ទៈពួកគេ ពោរពេញដោយភាពមោះមុត។ ឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ លោក វ៉ាត់ ចំរើន សង្ឃឹមថា កម្ពុជានឹងអាចសម្រេចបាននូវលទ្ធផលល្អប្រសើរជាងការប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou ប្រទេសចិន កាលពីឆ្នាំ២០២២ ដែលកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ។

នាយបេសកកម្មដដែលបន្ដថា «យើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលត្រឡប់មកវិញ។ ពួកយើងគិតថា យើងនឹងអាចទទួលបានលទ្ធផលល្អលើសពីការប្រកួតនៅទីក្រុង Hangzhou ឆ្នាំ២០២២។ អ៊ីចឹងទាំងអស់គ្នា សង្ឃឹមហើយសង្ឃឹមទៀតថា លើកនេះយើងនឹងមានការប្រែប្រួល ហើយនឹងកើនឡើងនូវកម្រិតបច្ចេកទេស និងគុណផលកីឡារបស់ពួកគាត់ ក្នុងការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន»