FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)

15-09-2026 14:00

(បរទេស)៖ មហាសេដ្ឋីសប្បុរសធម៌ និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្មានរដ្ឋាភិបាលណាមួយនៅលើពិភពលោកនាពេលនេះ ដែលមានភាពរួចរាល់គ្រប់គ្រាន់ដើម្បីទប់ទល់ ឬត្រៀមខ្លួនសម្រាប់រាល់ការផ្លាស់ប្តូរដ៏ធំធេងដែលបណ្តាលមកពីបញ្ញាសិប្បនិម្មិត (AI) នោះឡើយ ព្រមទាំងបានអំពាវនាវឱ្យមេដឹកនាំពិភពលោកសហការគ្នាដើម្បីទប់ស្កាត់ហានិភ័យនានា។

លោក Bill Gates ដែលកាលពីមុនធ្លាប់មានសុទិដ្ឋិនិយមខ្លាំងចំពោះ AI ឥឡូវនេះបានងាកមកព្រមានពីការគំរាមកំហែងធ្ងន់ធ្ងរផ្សេងៗ រួមមាន ការបាត់បង់ការងារធ្វើ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattacks) និងគ្រោះថ្នាក់នៃការញៀននឹងប្រព័ន្ធ AI។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនគិតថារដ្ឋាភិបាលណាមួយមានការយល់ដឹងស៊ីជម្រៅគ្រប់គ្រាន់លើបញ្ហានេះ ស្របតាមកម្រិតដែលពួកគេត្រូវតែមាននោះឡើយ» និងបានបន្ថែមថា រដ្ឋាភិបាលនានាកំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងណាស់ (Way behind)។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bill Gate បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះមានសក្តានុពលដ៏អស្ចារ្យក្នុងការជួយដល់ប្រជាជនក្រីក្របំផុតនៅលើពិភពលោក ប្រសិនបើវាត្រូវបានគ្រប់គ្រងដោយត្រឹមត្រូវ និងអាចទទួលបានដោយសមធម៌។ ស្របពេលជាមួយគ្នានេះ មូលនិធិរបស់លោក (Gates Foundation) បានប្រកាសកាលពីថ្ងៃអង្គារថា ផែនការចំណាយប្រាក់យ៉ាងតិច១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ នឹងត្រូវទម្លាក់ដើម្បីពង្រីកការទទួលបាន AI ក្នុងវិស័យអប់រំ សុខាភិបាល និងកសិកម្ម។

លោក Bill Gate បានប្រៀបធៀបការមកដល់នៃបច្ចេកវិទ្យា AI ទៅនឹងឈុតឆាកក្នុងភាពយន្តសង្គ្រោះពិភពលោក ដោយលោកបានលើកឡើងថា «មានភាពយន្តជាច្រើនដែលពួកមនុស្សក្រៅភព (Aliens) មកដល់ ហើយដោយចៃដន្យសហរដ្ឋអាមេរិក ចិន និងគ្រប់ៗគ្នា បានសហការគ្នាតែមួយដើម្បីដោះស្រាយបញ្ហា។ AI គឺប្រហាក់ប្រហែលនឹងបញ្ញាមនុស្សក្រៅភពបែបនេះឯង វាបានមកដល់ហើយ ដូច្នេះយើងគួរតែធ្វើសកម្មភាពឱ្យដូចអ្វីដែលបានបង្ហាញនៅក្នុងភាពយន្តទាំងនោះ»

ទាក់ទងនឹងបញ្ហានេះ លោកបានបញ្ជាក់ថា លោកបាននិងកំពុងពិភាក្សាជាមួយមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងក្រុមការងាររបស់លោក ព្រមទាំងមានគម្រោងជួបប្រជែងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងឆ្នាំនេះផងដែរ ដើម្បីជំរុញកិច្ចសហការរួមគ្នាក្នុងការគ្រប់គ្រងហានិភ័យពី AI នេះ៕