Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
14-09-2026 15:01
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានជំរុញយ៉ាងទទូចឱ្យគណបក្សប្រជាធិបតេយ្យ ដាក់បញ្ញាសិប្បនិម្មិត (AI) ជារបៀបវារៈដ៏សំខាន់ និងបង្កើតនូវក្របខណ្ឌគោលនយោបាយច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សុវត្ថិភាពសាធារណៈ និងផលប៉ះពាល់លើការងារ។
ការលើកឡើងរបស់លោក អូបាម៉ា បានធ្វើឡើងអំឡុងពេលកិច្ចសន្ទនាជាមួយ លោក Hakeem Jeffries ដែលជាមេដឹកនាំសំឡេងភាគតិចនៅសភាតំណាងរាស្ត្រ ក្នុងកម្មវិធីរៃអង្គាសថវិកាមួយរបស់គណបក្សប្រជាធិបតេយ្យ។ លោក អូបាម៉ា បានព្រមានថា បច្ចេកវិទ្យា AI កំពុងតែវិវត្តយ៉ាងលឿនបំផុតនៅក្នុងវិស័យឯកជន ហើយប្រសិនបើខ្វះការត្រួតពិនិត្យ ឬការគ្រប់គ្រងដ៏ត្រឹមត្រូវពីសំណាក់រដ្ឋាភិបាល វានឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ពីផលប្រយោជន៍ដ៏មហាសាលរបស់ AI ផងដែរ ដូចជាការជួយពន្លឿនការស្រាវជ្រាវផលិតថ្នាំពេទ្យ និងការស្វែងរកដំណោះស្រាយថាមពលស្អាតជាដើម។
លោក អូបាម៉ា បានបញ្ជាក់ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចដណ្តប់បានសំឡេងភាគច្រើនឡើងវិញនៅក្នុងសភា (តាមរយៈការបោះឆ្នោតកណ្តាលអាណត្តិខាងមុខ) ពួកគេចាំបាច់ត្រូវមានផែនការជាក់លាក់ ដើម្បីឆ្លើយតបនឹងសំណួរថា «តើគណបក្សមានផែនការអ្វីខ្លះសម្រាប់សុវត្ថិភាព? ហើយតើមានផែនការអ្វីខ្លះ ដើម្បីការពារកុមារកុំឱ្យរងផលប៉ះពាល់អវិជ្ជមានពីបច្ចេកវិទ្យានេះ?»។
ការអំពាវនាវនេះ ធ្វើឡើងចំពេលដែលមតិជាច្រើនក្នុងចំណោមអ្នកជំនាញ និងអ្នកនយោបាយអាមេរិក កំពុងមានការព្រួយបារម្ភកើនឡើង អំពីល្បឿននៃការរីកចម្រើននៃ AI ដែលអាចឈានដល់កម្រិតពិបាកត្រួតពិនិត្យ រួមទាំងបញ្ហាមជ្ឈមណ្ឌលទិន្នន័យ ដែលកំពុងប៉ះពាល់ដល់ថាមពល និងសហគមន៍មូលដ្ឋានក្នុងសហរដ្ឋអាមេរិក៕









