FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បន្ដជំរុញការអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីប្រកួតប្រជែងស្មើមុខមាត់លើឆាកអន្ដរជាតិ

13-09-2026 16:07

(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្ហាញការប្ដេជ្ញាក្នុងការជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនសមត្ថភាពអត្តពលិកឆ្ពោះទៅរកការប្រកួតប្រជែង និងលើកមុខមាត់ជាតិលើឆាកអន្តរជាតិ។

ការតាំងចិត្តនេះធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៣ និងបន្ដអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ ស្របពេលលោក សុខ ពុទ្ធិវុធ បានបន្ដជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អាណត្តិទី៤ ក្រោយទទួលបានការគាំទ្រពីអង្គមហាសន្និបាត បានរៀបចំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃសៅរ៍កន្លងទៅ។

ក្នុងនាមប្រធានសហព័ន្ធ លោកបានសម្ដែងក្ដីរីករាយ ដែលទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានចូលរួមដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងនោះលោកបានផ្ដល់នូវអនុសាសន៍ ៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍកីឡានេះឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានារួមមាន៖

១. ជំរុញការអភិវឌ្ឍឲ្យខ្លាំង ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
២. បង្កើនទំនាកទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ។
៣. បង្កើតក្លិបឲ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ-កីឡាករិនីឲ្យសម្បូរបែប។
៤. បង្កើតទីលានស្តង់ដារអន្តរជាតិ សម្រាប់បម្រើឲ្យមានការហ្វឹកហាត់ផ្ទាល់ ក៏ដូចជាការហ្វឹកហាត់តាមប្រព័ន្ធ Online។
៥. រៀបចំរចនាសមព័ន្អដឹកនាំតាមផ្នែក និងជំនាញឲ្យបានត្រឹមត្រូវ ក៏ដូចជាការបង្កើតផេក ឬវេបសាយរបស់សហព័ន្ធ
-និងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេងជាដើម។

យោងតាមរបាយការណ៍របស់សហព័ន្ធ ក្នុងអាណត្តិទី៣ សហព័ន្ធបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់ តែផែនការសម្រាប់អាណត្តិថ្មី មានការងារជាច្រើន ដែលសហព័ន្ធកំពុងខិតខំជំរុញការអនុវត្ត ក្នុងនោះដូចជាគម្រោងស្នើសុំគោលការណ៍សាងសង់ទីលានស្ដង់ដារអន្ដរជាតិ ក៏ដូចជាការបណ្ដុះបណ្ដាលយុវជន និងអត្តពលិកឆ្នើមៗ សម្រាប់បេសកកម្មឆ្ពោះទៅការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ផងដែរ៕