FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សៅ សុខា អញ្ជើញសម្ពោធកីឡដ្ឋានស្វាយរៀង ខណៈម្ចាស់ផ្ទះព្រះខ័នរាជ ឈ្នះកងយោធពលខេមរភូមិន្ទ ៤-០ ចំពោះមុខអ្នកគាំទ្រជិត ៧,៥០០នាក់

12-09-2026 20:27

(ភ្នំពេញ)៖ កីឡដ្ឋានស្វាយរៀង ត្រូវបានបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការឡើងវិញ រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ ក្នុងជំនួបលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ នៅល្ងាចថ្ងៃទី១២ ខែកញ្ញានេះ បន្ទាប់ពីខកខានពេញ ១រដូវកាល ដើម្បីជួសជុល និងកែលម្អកាន់តែទំនើប និងស្ដង់ដារជាងមុន។ ចប់ការប្រកួត ម្ចាស់ផ្ទះព្រះខ័នរាជ បានយកឈ្នះកងយោធពលខេមរភូមិន្ទ ៤-០។

តែមុនបើកទ្វារទទួលការប្រកួតដំបូងនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធកីឡដ្ឋានស្វាយរៀងជាផ្លូវការផងដែរ ដោយមានការចូលរួមពីលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ថ្នាក់ដឹកនាំ មន្រ្តី ព្រមទាំងអ្នកគាំទ្រស្វាយរៀងចំនួន ៧,៤៩៥នាក់ ដែលបានចូលទស្សនា និងស្វាគមន៍ការប្រកួតត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញ។

គួរដឹងថា កីឡដ្ឋានស្វាយរៀង ត្រូវបានបិទទ្វារទាំងស្រុង តាំងពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាងសង់កែលម្អឲ្យមានស្ដង់ដារ និងធំជាងមុន រហូតដល់ខែកញ្ញានេះ ទើបក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ កាលពីដើមសប្ដាហ៍កន្លងទៅ។ កំឡុងពេលកីឡដ្ឋានត្រូវបានសាងសង់កែលម្អ ក្លិបបានប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីរបស់ខ្លួន ទាំងការប្រកួតពានក្នុងស្រុក និងពានរង្វាន់អន្ដរជាតិនានា។

ការបើកដំណើរការឡើងវិញ នៃកីឡដ្ឋានស្វាយរៀង ពេលនេះ បានទទួលការសាទរជាខ្លាំងពីអ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀងផ្ទាល់ ដោយពួកគេបានចាត់ទុកកីឡដ្ឋាននេះ គឺជានិមិត្តរូប និងជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ ដែលមិនត្រឹមលើកមុខមាត់ខេត្ត តាមរយៈព្រឹត្តិការណ៍កីឡានោះទេ តែថែមទាំងរួមចំណែកផ្សព្វផ្សាយ និងទាក់ទាញនូវទេសចរណ៍ ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលប្រកបមុខរបរផ្សេងៗទៀតផង។

លោក Peter Koo នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ដែលបានចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្លិប លើសពីធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ សម្រាប់ប្រកួតប្រជែងលើឆាកអន្ដរជាតិ តែក្លិបថែមទាំងបានសាងសង់នូវកីឡដ្ឋានដ៏ស្ដង់ដារ និងទំនើបអស្ចារ្យ ដើម្បីបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាទៅលើឆាកអន្ដរជាតិផងដែរ។

លោកថា «បរិយាកាសនៅទីនេះ ល្អស្អាតមែនទែន លើសពីស្អាត ក៏មានសុវត្ថិភាពសម្រាប់អ្នកគាំទ្រដែរ។ ខ្ញុំឃើញក្លិបបានយកចិត្តទុកដាក់ខ្ពស់ដល់អ្នកគាំទ្រ។ និយាយពីទីលានវិញ គឺជាទីលានកម្រិតខ្ពស់។ ខ្ញុំធ្លាប់ទៅ J-Leage នៅជប៉ុន ហើយក៏ធ្លាប់ឈរលើស្មៅពួកគាត់ដែរ។ ខ្ញុំអាចនិយាយថា អាចល្អជាងទីលាននៅ J-Leage មួយចំនួនទៀត។ ដូច្នេះខ្ញុំសូមកោតសរសើរ និងអរគុណដល់ក្លិប ដែលខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ ដើម្បីបង្ហាញថា ក្លិបស្រុកខ្មែរ ពិតជាមានស្ដង់ដារខ្ពស់»។

សូមបញ្ជាក់ថា កីឡដ្ឋានមានមូលដ្ឋាននៅកណ្ដាលក្រុងស្វាយរៀងនេះ បន្ទាប់ពីសាងសង់កែលម្អរួចរាល់ បានបង្ហាញនូវភាពទាក់ទាញជាខ្លាំង ដូចជាការពង្រីកសមត្ថភាពផ្ទុកអ្នកទស្សនាពីជាង ៤ពាន់នាក់ទៅជាង ៧ពាន់នាក់, ការធ្វើទំនើបកម្មទីលាន ដោយមានបំពាក់នូវប្រព័ន្ធភ្លើង LED ជុំវិញទីលាន និងតំបន់សំខាន់ៗជាច្រើនក្នុងកីឡដ្ឋាន ស្របតាមស្ដង់ដារអន្ដរជាតិ រួមជាមួយបន្ទប់ទស្សនា VIP តូចធំ និងហេដ្ឋារចនាសម្ព័ន្ធអមជាច្រើនទៀតផងដែរ៕