FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ដណ្ដើមបានមេដាយ ៧១គ្រឿងពីជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ ខណៈលើកទី២ គ្រោងរៀបចំនៅឥណ្ឌូនេស៊ី

08-09-2026 15:17

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩)។

ការប្រកួតនេះ មានអត្តពលិកជិត ៣០០នាក់ មកពី ១៤ប្រទេសចូលរួម ខណៈកម្ពុជាក្នុងនាមម្ចាស់ក្បាច់គុន បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមចំនួន ៦៦នាក់ ហើយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ឈរលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលដណ្ដើមបានមេដាយសរុប ៧៥គ្រឿង (មាស ៣៨ ប្រាក់ ៣០ និងសំរឹទ្ធ) គ្រាដែលឥណ្ឌូនេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣)។

ដោយឡែកបណ្ដាប្រទេស ដែលដណ្ដើមបានមេដាយក្នុងការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ នេះ មានក្រុមកីឡាប្រដាល់គុនខ្មែររបស់ឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ១), ចិន និងហ្វីលីពីន ឈរលេខ៥ និងលេខ៦ ឈ្នះមេដាយសរុប ៤គ្រឿងដូចគ្នា (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ម៉ាឡេស៊ី ឈរលេខ៧ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២), កាហ្សាក់ស្ថាន ឈរលេខ៨ ឈ្នះមេដាយសរុប ៥គ្រឿង (ប្រាក់ ៤ និងសំរឹទ្ធ ១), អាហ្វហ្គានីស្ថាន ឈរលេខ៩ ឈ្នះមេដាយប្រាក់ ៤, ឥណ្ឌា ឈរលេខ១០ ឈ្នះមេដាយប្រាក់ ៣ និងកូរ៉េខាងត្បូង ឈ្នះមេដាយប្រាក់ ១ ឈរលេខ១១។

ជាមួយសមិទ្ធផលនេះត្រូវបានលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ វាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ ទាំងដំណើរការរៀបចំការប្រកួតរបស់ម្ចាស់ផ្ទះវៀតណាម ការចូលរួមរបស់បណ្ដាប្រទេសក្នុងទ្វីបអាស៊ី ក៏ដូចជាការដណ្ដើមបានលទ្ធផលល្អប្រសើររបស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុន ទោះបីសហព័ន្ធបានផ្ដល់ឱកាសដល់អត្តពលិកថ្នាលច្រើនចូលរួម។ ចំពោះការប្រកួតជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី២ លោកបង្ហើបថា អាចនឹងរៀបចំនៅឥណ្ឌូនេស៊ី បន្ទាប់ពីមានការស្នើសុំរៀបចំការប្រកួតនាឆ្នាំក្រោយ៕