ព្រះខ័នរាជ សម្ពោធកីឡដ្ឋានស្វាយរៀង ដើម្បីទទួលការប្រកួតដំបូង ក្នុងលីគរដូវកាលថ្មី នាចុងសប្ដាហ៍នេះ
08-09-2026 08:58
(ភ្នំពេញ)៖ កីឡដ្ឋានស្វាយរៀង របស់ក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញហើយ នៅថ្ងៃទី០៧ ខែកញ្ញានេះ ដើម្បីត្រៀមការប្រកួតរដូវកាលថ្មី ដែលនឹងត្រូវបើកទ្វារទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ មុនគេ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា នាថ្ងៃទី១២ ខែកញ្ញាចុងសប្ដាហ៍នេះ។
កីឡដ្ឋានស្ដង់ដារ នៅកណ្ដាលក្រុងស្វាយរៀងនេះ ត្រូវបានក្លិបផ្អាកការប្រកួត ១រដូវកាល កាលពីឆ្នាំ២០២៥/២៦ ដើម្បីជួសជុល និងកែលម្អថ្មីឡើងវិញ ដោយបានពង្រីកន្លែងអង្គុយកាន់តែច្រើនពីជាង ៤០០០នាក់ កើនដល់ជាង ៧០០០នាក់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមទាំងការបំពាក់ LED ជុំវិញទីលានជាដើម។
ទោះបីព្រះខ័នរាជស្វាយរៀង បានជួសជុល និងកែលម្អកីឡដ្ឋានកាន់តែទំនើប ស្របតាមនិយាមអន្ដរជាតិយ៉ាងណាក្ដី តែជាគម្រោងក្លិបនឹងប្រើប្រាស់កីឡដ្ឋានស្វាយរៀង សម្រាប់តែការប្រកួតក្នុងស្រុកប៉ុណ្ណោះ រួមមានលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាដើម ខណៈពានរង្វាន់អន្ដរជាតិ ដូចជាពានរង្វាន់ ASEAN Club Championship និងពានរង្វាន់ AFC Champions League Two ក្លិបនឹងបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាំតិមរតកតេជោជាទឹកដីដដែល។
សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋានស្ដង់ដារនេះ បានធ្វើឡើងក្រោមវត្តមានលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំ CPL និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិជាច្រើនផងដែរ៕










