FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ សមាជិក គណៈអចិន្ដ្រៃយ៍ និងគណៈកម្មការកណ្ដាល(ជាស្ដ្រី) ស.ស.យ.ក បរិច្ចាគថវិកា ៣០លានរៀល ដើម្បីគាំទ្រយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»

07-09-2026 19:18

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានអញ្ជើញទទួលការបរិច្ចាគពីថ្នាក់ដឹកនាំ សមាជិក គណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្ដាល (ជាស្ត្រី) នូវទឹកប្រាក់ចំនួន ៣០លានរៀល ដែលដឹកនាំប្រគល់ដោយលោកស្រី ដាំ ដារីនី នៅអគារ The Kampus។

ទោះបីយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់តាំងពីចុងខែសីហា តែផ្អែកស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក សម្រាប់ការងារសង្គម និងមនុស្សធម៌ ថ្នាក់ដឹកនាំ និងក្រុមការងារបាល់ទាត់ ស.ស.យ.ក អលស្ដារ នៅតែរីករាយ និងស្វាគមន៍រាល់ការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សម្រាប់គាំទ្រដល់យុទ្ធនការដ៏មានសារៈសំខាន់ខាងលើ។

សូមបញ្ជាក់ថា រាល់ថវិកា និងសម្ភារៈទាំងអស់ ដែលទទួលបានពីសប្បុរសជន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ដែលជាសកម្មភាពមនុស្សធម៌ផ្តោតលើការកៀរគរជំនួយ ស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ ដើម្បីជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង «ភូមិរង់ចាំ»។

តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺបានស្តែងចេញយ៉ាងច្បាស់ពីជម្រៅចិត្តរបស់ប្រជាជនខ្មែរ ដែលតែងតែមានការនឹករលឹក ការព្រួយបារម្ភ និងសេចក្តីស្រឡាញ់ចំពោះបងប្អូនអ្នកភូមិរង់ចាំ ព្រមទាំងទន្ទឹងរង់ចាំថ្ងៃបានជួបជុំគ្នានាពេលខាងមុខ។ ចំពោះកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជំនួយទាំងអស់ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ានី៕