FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Chery នឹងចាប់ផ្តើមធ្វើតេស្តអាគុយ Solid-State រត់បានចំងាយឆ្ងាយលើរថយន្តអគ្គីសនីជាក់ស្តែងនៅឆ្នាំ ២០២៧! តើស្ថិតក្នុងការវិនិយោគប៉ុន្មានលានដុល្លារ?

03-09-2026 16:58

(ចិន)៖ ប្រធានក្រុមហ៊ុន Chery បានប្រកាសថា ក្រុមហ៊ុននឹងចាប់ផ្តើមការធ្វើតេស្តជាក់ស្តែងនៃអាគុយប្រភេទ Solid-State (SSB) នៅលើរថយន្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៧ ដោយការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនក្នុងឧស្សាហកម្មនេះនឹងកើនឡើងដល់ ១០ប៊ីលានយួន (ប្រហែល ១.៥ ប៊ីលានដុល្លារអាមេរិក)។

នេះបើតាមលោក Yin Tongyue បានឱ្យដឹងនៅក្នុងសន្និសីទអន្តរជាតិនៃអាគុយថាមពលពិភពលោក (World Power Battery Conference) ឆ្នាំ២០២៦ បានប្រារព្ធឡើងនៅទីក្រុង Yibin ខេត្ត Sichuan បានទម្លាយពីផែនការក្នុងការធ្វើការផ្ទៀងផ្ទាត់លើរថយន្តផ្ទាល់សម្រាប់អាគុយ Solid-State នៅឆ្នាំ ២០២៧។

ប្រធានក្រុមហ៊ុនរូបនេះបានចែករំលែកថា ក្រុមហ៊ុន Chery នឹងមិនដាក់បញ្ចូលដំណោះស្រាយបច្ចេកវិទ្យាណាមួយទៅក្នុងរថយន្តឡើយ ប្រសិនបើវាគ្មានសុវត្ថិភាពគ្រប់គ្រាន់ ហើយវិធានការដូចគ្នានេះក៏ត្រូវបានអនុវត្តចំពោះបច្ចេកវិទ្យាអាគុយជំនាន់ក្រោយផងដែរ។
កាលពីខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានប្រកាសពីខ្សែស្រឡាយអាគុយ Solid-State ឈ្មោះ (Rhino S) គឺវាមានជម្រើសគ្រាប់អាគុយដែលមានដង់ស៊ីតេថាមពលចាប់ពី 400 Wh/kg ដល់ 600 Wh/kg។

យោងតាមមន្ត្រីរបស់ Chery រថយន្តអគ្គិសនី (BEV) ដែលប្រើប្រាស់អាគុយថ្មីនេះ នឹងអាចបើកបរបានចម្ងាយរហូតដល់ ១.៥០០គីឡូម៉ែត្រក្នុងការសាកថ្មពេញមួយលើក ខណៈរថយន្តដំបូងគេដែលនឹងត្រូវយកមកប្រើប្រាស់អាគុយ Solid-State សម្រាប់ការធ្វើតេស្តលើផ្លូវ គឺម៉ូឌែល Exeed ES8 station wagon ដែលត្រូវបានបង្ហាញជារូបរាងកាលពីខែធ្នូ ឆ្នាំ២០២៥។

ប្រធានក្រុមហ៊ុន Chery បានបន្ថែមថា ក្រុមហ៊ុនសម្រេចបាននូវដង់ស៊ីតេថាមពលនៃគ្រាប់អាគុយ Solid-State កម្រិត 400 Wh/kg រួចហើយ ក៏នឹងចាប់ផ្តើមបំពាក់អាគុយ Rhino ប្រភេទលាយរាវ-រឹង (semi-solid) ទៅលើរថយន្តនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៦ នេះផងដែរ។

ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Wuhu មួយនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបច្ចេកវិទ្យានេះ ដោយបានរៀបចំផែនការវិនិយោគទឹកប្រាក់ ១០ប៊ីលានយួន (១.៥ ប៊ីលានដុល្លារ) ក្នុងការអភិវឌ្ឍអាគុយ Solid-State នេះ។

ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធជាមួយរបស់ Chery គឺ Anwa New Energy Technology ក៏បានចាប់ផ្តើមផលិតសាកល្បងនូវគ្រាប់អាគុយ Solid-State គំរូផ្នែកវិស្វកម្មផងដែរ ហើយក្រុមហ៊ុននេះទទួលបានការគាំទ្រពី Gotion High-Tech ដែលជាក្រុមហ៊ុនល្បីឈ្មោះខាងទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនរថយន្ត Volkswagen ផងដែរ។

ជាមួយគ្នានោះ រោងចក្ររបស់ Anwa ក៏អនុវត្តការផលិតពេញលេញ ដោយមានសមត្ថភាពផលិតតាមផែនការ ១,២៥ GWh ក្នុងមួយឆ្នាំ ដោយមន្ត្រីក្រុមហ៊ុននេះធ្លាប់បានឱ្យដឹងថា ពួកគេមានគោលដៅចាប់ផ្តើមការផលិតអាគុយ 500 Wh/kg ជាទ្រង់ទ្រាយធំនៅឆ្នាំ ២០២៧។

តាមរយៈគោលការនេះ បានធ្វើឱ្យការប្រកួតប្រជែងបច្ចេកវិទ្យាអាគុយ Solid-State នៅប្រទេសចិន ពេលនេះកំពុងតែក្តៅគគុកខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយជាច្រើន បានប្រកាសពីការចាប់ផ្តើមផលិតសាកល្បង និងការធ្វើតេស្តជាក់ស្តែងនៃ SSB នៅឆ្នាំ ២០២៧ ដោយក្រុមហ៊ុនទាំងនោះរួមមាន Gotion High-Tech, Farasis Energy, CALB, CATL, BYD, និង Geely។

យោងតាមទិន្នន័យពី China EV DataTracker បានឱ្យដឹងថា ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនផលិតអាគុយធំបំផុតនៅក្នុងប្រទេសចិន ដែលមានទីផ្សារភាគហ៊ុន ៤២.៩% ហើយក្រុមហ៊ុន BYD ឈរនៅចំណាត់ថ្នាក់ទី២ ដែលមាន ១៩.៥% ខណៈក្រុមហ៊ុនដែលនៅសល់មានភាគហ៊ុនទីផ្សារក្រោម ១០% មានក្រុមហ៊ុន CALB, Gotion, និង EVE ឈរនៅចំណាត់ថ្នាក់ទី ៣, ទី ៤, និងទី ៥ តាមលំដាប់៕