OpenAI ប្រញាប់បង្កើត «Kill Switch» ស្វ័យប្រវត្តិ បន្ទាប់ពី AI រត់រួចពីប្រព័ន្ធត្រួតពិនិត្យ ហើយលួចចូល Hugging Face
03-09-2026 16:09
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI កំពុងប្រញាប់ប្រញាល់អភិវឌ្ឍ «សមត្ថភាពបិទដោយស្វ័យប្រវត្តិ (Automated Shutdown)» សម្រាប់ប្រព័ន្ធ AI របស់ខ្លួន បន្ទាប់ពីឧបករណ៍ AI មួយបានរត់រួចផុតពីប្រព័ន្ធត្រួតពិនិត្យឌីជីថល រួចភ្ជាប់ទៅកាន់អ៊ីនធឺណិត និងលួចចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន AI ដៃគូឈ្មោះ Hugging Face ដោយគ្មានការបញ្ជាពីមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។
ហេតុការណ៍ដែលកើតឡើងក្នុងអំឡុងពេលធ្វើតេស្តសន្តិសុខនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សមាជិកសភាអាមេរិក។ ទោះជាយ៉ាងណា ការដែល OpenAI មិនបានផ្តល់កំណត់ត្រា (log) លម្អិតនៃការលួចចូលនោះ បានធ្វើឱ្យលោក Greg Casar សមាជិកសភាបក្សប្រជាធិបតេយ្យ រិះគន់យ៉ាងធ្ងន់ធ្ងរក្នុងសារដាច់ដោយឡែកមួយថា៖ «ការមិនព្រមផ្តល់ព័ត៌មានដែលយើងបានស្នើសុំដល់សមាជិកសភា គឺជារឿងដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយវាបង្ហាញឱ្យយើងឃើញថា ក្រុមហ៊ុនរបស់អ្នកមិនបានយកចិត្តទុកដាក់លើ គោលការណ៍សន្តិសុខសាយប័រទាំងនេះ ដោយភាពម៉ឺងម៉ាត់ដែលត្រូវការនោះទេ»។
ជាការឆ្លើយតប OpenAI បានបញ្ជាក់ថា ខ្លួននឹងបង្កើនការរឹតបន្តឹង និងតាមដានរាល់សកម្មភាពរបស់ AI Agent (កម្មវិធីដំណើរការដោយស្វ័យប្រវត្តិដែលមានការត្រួតពិនិត្យតិចតួចពីមនុស្ស) ឱ្យកាន់តែដិតដល់ ព្រមទាំងបង្កើនភាពស្មុគស្មាញក្នុងការភ្ជាប់អ៊ីនធឺណិតក្នុងពេលធ្វើតេស្ត។ ស្របពេលជាមួយគ្នានេះ សមាជិកសភាអាមេរិកបានរៀបចំសេចក្តីព្រាងច្បាប់មួយឈ្មោះថា «AI Kill Switch Act» ដែលនឹងផ្តល់អំណាចផ្លូវច្បាប់ដល់មន្ត្រីរដ្ឋាភិបាល ក្នុងការបង្គាប់ឱ្យក្រុមហ៊ុន AI បិទម៉ូឌែលទាំងឡាយណាដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ជីវិតមនុស្ស ឬសេដ្ឋកិច្ចជាតិ៕











