FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសេដ្ឋីមានបំផុតនៅឥណ្ឌា ចង់ប្រែក្លាយកុំព្យូទ័រចាស់ៗឱ្យទៅជាកុំព្យូទ័រ AI តាមរយៈសេវា Cloud

03-09-2026 14:54

(បរទេស)៖ ក្រុមហ៊ុន Reliance Jio ដែលគ្រប់គ្រងដោយលោក Mukesh Ambani មហាសេដ្ឋីមានបំផុតនៅប្រទេសឥណ្ឌា បានពង្រីកសេវាកម្ម JioPC របស់ខ្លួន ដែលជាសេវាកម្មកុំព្យូទ័រ Cloud PC ឱ្យដំណើរការទូទាំងប្រទេសឥណ្ឌា សម្រាប់អ្នកប្រកបអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅដែលមានការតភ្ជាប់អ៊ីនធឺណិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមនេះ គឺការប្រែក្លាយកុំព្យូទ័រចាស់ៗ (សូម្បីតែកុំព្យូទ័រដែលមានអាយុកាលរហូតដល់៨ឆ្នាំ) ឱ្យទៅជាកុំព្យូទ័រដែលមានសមត្ថភាពដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីទំនើបៗបាន ដោយមិនបាច់ចំណាយប្រាក់ទិញកុំព្យូទ័រថ្មី ឬដំឡើងគ្រឿងបន្លាស់ (Hardware) ឡើយ។

សេវាកម្ម JioPC ដំណើរការស្រដៀងទៅនឹងការទស្សនាវីដេអូតាមប្រព័ន្ធ Streaming ដែរ ក្នុងនោះរួមមាន៖
១៖ ការដំណើរការទិន្នន័យ បាន័យថារាល់ការគណនាសមត្ថភាពខ្ពស់ និងការដំណើរការកម្មវិធី AI ត្រូវធ្វើឡើងនៅលើទិន្នន័យមជ្ឈមណ្ឌល (Data Center) របស់ Jio រួចបញ្ជូនរូបភាព និងការងារមកបង្ហាញលើអេក្រង់កុំព្យូទ័ររបស់អ្នកប្រើប្រាស់តាមរយៈ Browsers។
២៖ ប្រព័ន្ធប្រតិបត្តិការ និងកម្លាំងម៉ាស៊ីន ពោលសេវាកម្មនេះដំណើរការលើប្រព័ន្ធ Ubuntu Linux ដោយផ្តល់នូវជម្រើស Virtual CPU រហូតដល់ ៨ គ្រាប់ (8 vCPUs), អេក្រង់ RAM 16GB និងអង្គចងចាំ Cloud Storage រហូតដល់ 1TB។
៣៖ សុវត្ថិភាពទិន្នន័យ បានន័យថារាល់ទិន្នន័យទាំងអស់ត្រូវរក្សាទុកនៅលើ Cloud Infrastructure របស់ Jio ដោយមិនផ្ទុកនៅក្នុងម៉ាស៊ីនផ្ទាល់ខ្លួនឡើយ។

យោងតាមទិន្នន័យពី IDC ទីផ្សារឥណ្ឌាមានកុំព្យូទ័រកំពុងប្រើប្រាស់ជាង ៦៥លានគ្រឿង ហើយអ្នកប្រើប្រាស់បច្ចុប្បន្នមានទម្លាប់ផ្លាស់ប្តូរកុំព្យូទ័រថ្មីរៀងរាល់ ៥ ទៅ ៦ ឆ្នាំម្តង (យូរជាងមុន)។ ការកើនឡើងនៃតម្លៃកុំព្យូទ័រថ្មីៗដែលមាន AI embedded បានធ្វើឱ្យអតិថិជន និងអាជីវកម្មធុនតូច-មធ្យម ពិបាកក្នុងការប្តូរម៉ាស៊ីនថ្មី។ សេវាកម្មរបស់លោក Ambani គឺជាដំណោះស្រាយមួយដែលឆ្លើយតបនឹងចំណុចនេះ ដោយប្តូរពី «ការទិញកុំព្យូទ័រថ្មី» មកជា «ការទិញកម្លាំងគណនា (Computing Power) តាមតម្រូវការ» វិញ។

សេវាកម្មនេះ ត្រូវបានគេដឹងថា មានតម្លៃសមរម្យមែនទែន ពោលកញ្ចប់ដំបូង (Entry-level) មានតម្លៃប្រមាណ ១.០០០ រូពី (ប្រហែល ១២ ដុល្លារអាមេរិក) សម្រាប់រយៈពេល ២ ខែ ដោយទទួលបាន RAM 8GB និង Cloud Storage 500GB។ កញ្ចប់ JioPC Ultra មានតម្លៃ ១.២០០ រូពី សម្រាប់ ២ ខែ (ឬ ៥.០០០ រូពី សម្រាប់ ១ ឆ្នាំ) ដោយទទួលបាន RAM 16GB និង Cloud Storage 1TB។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានកត់សម្គាល់ថា សេវាកម្ម Cloud PC នេះមិនបានធ្វើឱ្យកុំព្យូទ័រចាស់ប្រែជាថ្មីដោយផ្ទាល់នោះទេ ប៉ុន្តែវាពឹងផ្អែកទាំងស្រុងលើ ល្បឿន និងភាពរលូននៃអ៊ីនធឺណិត ដើម្បីដំណើរការកម្លាំងពីម៉ាស៊ីនមេ (Server) របស់ Reliance Jio មកកាន់ឧបករណ៍របស់អ្នកប្រើប្រាស់៕