មកដឹងពីរបៀបដាក់ពាក្យ ស្នើសុំបន្ដសុពលភាពឆៀកយានយន្ដកាន់តែងាយស្រួល តាមរយៈ «អេស៊ីស៊ូភើអេប»
03-09-2026 13:40
(ភ្នំពេញ)៖ ឥឡូវនេះ ម្ចាស់យានយន្ដ អាចប្រើប្រាស់ អេស៊ីស៊ូភើអេប របស់ធនាគារអេស៊ីលីដា ដើម្បីដាក់ពាក្យ ស្នើសុំបន្ដសុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) បានយ៉ាង ងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំង មណ្ឌលធ្វើឆៀកយានយន្ដដោយផ្ទាល់នោះឡើយ។
លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា បានលើកឡើងថា ក្រោមកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ អេស៊ីលីដា ពាក់ព័ន្ធនឹង ការ ដាក់ពាក្យ ស្នើសុំ បន្តសុពលភាពឆៀកយានយន្ដ តាមរយៈអេស៊ីស៊ូភើអេប គឺជាផ្នែកមួយនៃការជំរុញការប្រើប្រាស់សេវាឌីជីថល ដើម្បីផ្តល់បទពិសោធន៍កាន់តែងាយស្រួល លឿនរហ័ស និងកាត់បន្ថយភាពស្មុគ្រស្មាញ សម្រាប់ប្រជាពលរដ្ឋ។
លោក ផល សុខចំរើន អះអាងថា ធនាគារអេស៊ីលីដា ប្តេជ្ញាបន្តអភិវឌ្ឍសេវាធនាគារឌីជីថល និងពង្រីកកិច្ច សហការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួល សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល។
របៀបប្រើប្រាស់សេវា
ដើម្បីដាក់ពាក្យស្នើសុំបន្តសុពលភាពឆៀកយានជំនិះ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
១. បើក ACLEDA Super App
២. អូសចុះក្រោមទៅកាន់ «សេវាផ្សេងៗ / Other Services» រួចជ្រើសរើស «សេវាសាធារណការ និងដឹកជញ្ជូន / MPWT Public Service»
៣. អាន និងយល់ព្រមតាម កិច្ចព្រមព្រៀង និងលក្ខខណ្ឌ
៤. ជ្រើសរើសសេវា «បន្តសុពលភាពឆៀកយានជំនិះ»
៥. ស្កេន QR Code ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យយានជំនិះ ដោយប្រើបណ្ណសម្គាល់យានជំនិះ លតាបត្រ ឬវិញ្ញាបនបត្រឆៀក
៦. Upload ឯកសារតម្រូវ រួមមាន បណ្ណសម្គាល់យានជំនិះ លតាបត្រ ឬវិញ្ញាបនបត្រឆៀក និងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់យានជំនិះ ឬអ្នកស្នើសុំ
៧. ជ្រើសរើស កាលបរិច្ឆេទ និងទីតាំងមណ្ឌលឆៀក រួចធ្វើការទូទាត់ប្រាក់សេវា។
ជាមួយសេវាឌីជីថលនេះ ម្ចាស់យានជំនិះអាចរៀបចំការដាក់ពាក្យបានកាន់តែងាយស្រួល និងរហ័ស ដោយអាចជ្រើសរើសពេលវេលា និងទីតាំងមណ្ឌលឆៀកដែលសមស្របនឹងតម្រូវការរបស់ខ្លួន៕
