តុលាការ EU បដិសេធបណ្តឹងរបស់ Opera ជុំវិញការលើកលែងច្បាប់ប្រកួតប្រជែងលើកម្មវិធី Edge របស់ Microsoft
03-09-2026 09:59
(បរទេស)៖ ក្រុមហ៊ុនបង្កើតកម្មវិធីរុករក (Browser) ដ៏ល្បីល្បាញរបស់ន័រវែស Opera បានចាញ់ក្តី ក្នុងការតវ៉ានៅតុលាការប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាធរបទប្បញ្ញត្តិប្រឆាំងការផ្តាច់មុខរបស់សហភាពអឺរ៉ុប (EU) ដែលបានលើកលែងកម្មវិធី Edge របស់ក្រុមហ៊ុន Microsoft មិនឱ្យស្ថិតនៅក្រោមច្បាប់រឹតបន្តឹងអំណាចក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Digital Markets Act - DMA) នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
ផ្អែកតាមការសម្រេចចិត្តកាលពីឆ្នាំ ២០២៤ គណៈកម្មការអឺរ៉ុបបានរកឃើញថា កម្មវិធី Edge មិនមែនជាច្រកទ្វារដ៏សំខាន់សម្រាប់អាជីវកម្មក្នុងការឈានទៅដល់អ្នកប្រើប្រាស់នោះទេ ទោះបីជាវាបានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកបរិមាណរបស់អ្នកប្រើប្រាស់ក៏ដោយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Opera បានតវ៉ាថា អាជ្ញាធរ EU បានអនុវត្តលក្ខណៈវិនិច្ឆ័យនេះមិនត្រឹមត្រូវ ប៉ុន្តែត្រូវបានតុលាការទូទៅ (General Court) តម្កល់ការសម្រេចចិត្តរបស់ EU វិញ។
ចៅក្រមនៃតុលាការទូទៅបានថ្លែងអះអាងថា៖ «តុលាការទូទៅតម្កល់ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ក្នុងការមិនកំណត់ Microsoft ជា "Gatekeeper" (អ្នកគ្របដណ្តប់ទីផ្សារ) ពាក់ព័ន្ធនឹងកម្មវិធី Edge នោះទេ»។ ចៅក្រមក៏បានបន្ថែមដែរថា អ្នកអនុវត្តច្បាប់របស់ EU មិនមានកំហុសឡើយ ដោយបានទទួលយក «នូវអំណះអំណាងដែលមានហេតុផលគ្រប់គ្រាន់របស់ Microsoft ដើម្បីបង្ហាញថា Edge មិនមែនជាច្រកទ្វារដ៏សំខាន់»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Opera និង Microsoft បានខ្វែងគំនិតគ្នាយ៉ាងខ្លាំងផ្នែកផ្លូវច្បាប់ជាយូរមកហើយ។ កាលពីឆ្នាំ ២០០៧ បណ្តឹងរបស់ Opera ប្រឆាំងនឹង Microsoft បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ រងការពិន័យជាប្រាក់រហូតដល់ ៥៦១ លានអឺរ៉ូ ពីបទប្រឆាំងការផ្តាច់មុខរបស់ EU ក្នុងឆ្នាំ ២០១៣ ដោយសារតែការមិនផ្តល់ជម្រើសកម្មវិធីរុករក (Web browser) ផ្សេងទៀតដល់អ្នកប្រើប្រាស់៕





