FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោព្រៃជំទង់កម្ពុជា ប៉ះយុវជនសាម៉ូរ៉ៃជប៉ុន ដណ្ដើមកៅអីកំពូលតារាង AFC U20 Asian Cup 2027

03-09-2026 09:14

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា (គោព្រៃជំទង់កម្ពុជា) នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន (យុវជនសាំម៉ូរ៉ៃជប៉ុន) ដើម្បីប្រជែងកៅអីកំពូលតារាងបណ្ដោះអាសន្ន ក្នុងវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី (AFC U20 Asian Cup China) ឆ្នាំ២០២៧ ពូលG នាវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

នេះគឺជាការប្រកួតទី២ ក្នុងពូល ហើយក៏ជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីការចាប់ផ្ដើមរបស់ក្រុមទាំងពីរ សុទ្ធតែធ្វើបានល្អ ពោលគឺក្រុមយុវជន U20 ជប៉ុន បានយកឈ្នះក្រុមយុវជន U20 កូវ៉ែត ៤-០ គ្រាដែលក្រុមយុវជន U20 កម្ពុជា បានយកឈុ្នះក្រុមខ្លាំង U20 យេម៉ែន ២-១។ ក្រោយរកបាន ៣ពិន្ទុស្មើគ្នា នៅនារាត្រីនេះ គឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរ ក្នុងការស្វែងរកពិន្ទុរៀងៗខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាឱកាសឡើងទៅវគ្គបន្ដ។

បែបនេះក្ដី ក្រឡេកទៅចាប់អារម្មណ៍កម្រិតក្រុមទាំងពីរ អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ទាំងក្នុងស្រុក តំបន់ និងទ្វីប សុទ្ធតែបានដឹងច្បាស់ពីគុណភាពរបស់ក្រុមជប៉ុន ទាំងកម្រិតយុវជន រហូតដល់ក្រុមធំ គឺជាក្រុមខ្លាំងមួយប្រចាំទ្វីប។ ការណ៍នេះជារឿងពិបាកមួយសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងការប្រជែងយក ៣ពិន្ទុ។ តែយ៉ាងណាក្រោយយកឈ្នះយេម៉ែន ទាំងគ្រូបង្វឹក និងកីឡាករ សុទ្ធតែបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងជំនួបទល់ក្រុមខ្លាំងកម្រិតទ្វីបនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ។

ប៉ុន្ដែមុនឈានដល់ជំនួបរវាងក្រុមគោព្រៃជំទង់កម្ពុជា ប៉ះក្រុមយុវជនសាំម៉ូរ៉ៃជប៉ុន នារាត្រីនេះ ក៏នឹងមានជំនួប ១គូទៀត រវាងក្រុមក្រុមជម្រើសជាតិ U20 យេម៉ែន និង U20 កូវ៉ែត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដូចគ្នា។ នេះក៏ជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដែលត្រូវការជ័យជម្នះលើកដំបូង ដើម្បីមានឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ពិសេសយេម៉ែន ដែលមានមហិច្ឆតាខ្ពស់ ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបនេះ។

គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ពូល G ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ គឺមានបេក្ខភាព ៤ក្រុមចូលរួម ដើម្បីធ្វើការប្រកួតវិលជុំ ហើយក្រុមឈរកំពូលតារាង នឹងទទួលបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតក្រុមលេខ២ ល្អជាងគេ ២ក្រុម ក្នុងចំណោម ៨ពូលផ្សេងទៀត ដើម្បីបានឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៧ នៅប្រទេសចិន៕