ក្រុមហ៊ុន Amazon និង Alphabet ពង្រីកសេវាកម្មរថយន្តតាក់ស៊ីឥតមនុស្សបើក (Robotaxi) នៅសហរដ្ឋអាមេរិក
02-09-2026 15:29
(បរទេស)៖ ក្រុមហ៊ុន Zoox (របស់ Amazon) និងក្រុមហ៊ុន Waymo (របស់ Alphabet) ក្នុងសប្តាហ៍នេះ បានប្រកាសដោយឡែកពីគ្នានូវការពង្រីកប្រតិបត្តិការរថយន្តតាក់ស៊ីឥតមនុស្សបើក (Driverless ride-hailing) របស់ពួកគេទៅកាន់ទីក្រុងថ្មីៗជាច្រើនទៀតក្នុងសហរដ្ឋអាមេរិក ដែលការប្រកាសនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Zoox បានចាប់ផ្តើមផ្តល់សេវាកម្មគិតប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមហ៊ុន Zoox បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមធ្វើតេស្តនៅក្នុងទីក្រុង Houston និង San Diego ដែលធ្វើឱ្យវត្តមានរបស់ខ្លួនកើនឡើងដល់ ១២ ទីតាំង។ ក្រុមហ៊ុននឹងប្រើប្រាស់រថយន្តតេស្តកែច្នៃឡើងវិញសម្រាប់ការវាស់វែងផែនទី និងធ្វើតេស្តសាកល្បង មុនពេលដាក់ឱ្យដំណើរការរថយន្ត Robotaxi ដែលរចនាឡើងជាពិសេស។ ការបើកដំណើរការអាជីវកម្មរបស់ Zoox បានបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងក្លាជាមួយ Waymo និង Tesla ខណៈដែលក្រុមហ៊ុនទាំងនេះកំពុងប្រជែងគ្នាក្នុងការប្រៀបប្រជែងពង្រីកសេវាកម្មរថយន្តឥតមនុស្សបើកនៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Waymo បាននិយាយថា ខ្លួននឹងចាប់ផ្តើមស្វាគមន៍អ្នកជិះដំបូងដែលជាសាធារណជននៅក្នុងទីក្រុង Denver, San Diego និង Tampa ដែលនាំឱ្យសេវាកម្មធ្វើដំណើរឥតមនុស្សបើកទាំងស្រុងរបស់ខ្លួនកើនដល់ ១៤ ទីក្រុង។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងពង្រីកការផ្តល់សេវាកម្មដល់អ្នកជិះនៅក្នុងទីក្រុងទាំងបីនេះជាបណ្តើរៗ។
គួរបញ្ជាក់ថា Zoox ធ្លាប់បានដឹកជញ្ជូនអ្នកដំណើរបែបមិនគិតថ្លៃនៅទីក្រុង Las Vegas, San Francisco, Austin និង Miami មុនពេលចាប់ផ្តើមសេវាកម្មគិតប្រាក់នៅ Las Vegas កាលពីខែសីហា។ ដោយឡែក Waymo ដែលកំពុងដំណើរការសេវាគិតប្រាក់ក្នុងទីក្រុងជាច្រើនស្រាប់ ក៏កំពុងពង្រីកទៅបរទេសផងដែរ ដោយបានប្រកាសកាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមធ្វើតេស្តនៅក្នុងទីក្រុង Munich មុនពេលឈានទៅបើកដំណើរការអាជីវកម្មជាផ្លូវការនៅក្នុងប្រទេសអាល្លឺម៉ង់ នៅជិតចុងឆ្នាំ ២០២៧៕









