អ្នកចាំទី Sanchez របស់តោខៀវ ត្រូវបង្ខំចិត្តទៅលេងខ្ចិជើង ១រដូវកាលនៅក្លិប Como
02-09-2026 14:43
(បរទេស)៖ កីឡាករ Robert Sanchez ត្រូវបានបញ្ជូនទៅលេងជាលក្ខណៈខ្ចីជើង ១រដូវកាលឆ្នាំ២០២៦-២៧ នៅក្លិបអ៉ីតាលី Como បន្ទាប់ពីរបូតតំណែងដៃទី១ ទៅសមាជិកថ្មី Emiliano Martinez។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Sanchez ក៏ត្រូវបានគ្រូបង្វឹកថ្មី លោក Xabi Alonso ដាក់ឱ្យចូលចាប់ដៃទី១ នៅពេលតោខៀវប្រកួតបើកឆាក Premier League រដូវកាលថ្មីទល់នឹង Fulham ដែលបានយកឈ្នះ ៣-២ ផងដែរ។
រូបគេក៏បានបង្កកំហុសនៅក្បែរទី តាមរយៈឱ្យ Josh King បំប៉ោងសំណាញ់ទីបានសម្រេច ដែលត្រូវបានចាត់ទុកថា ជាការចាប់បាល់ Error និងជាការព្រួយបារម្ភពីទម្រង់លេងរបស់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ មុនពេលចុះកិច្ចសន្យាយកអ្នកចាំទីអាហ្សង់ទីន Martinez ពីក្លិប Aston Villa ក្នុងតម្លៃតែ ៧.៥លានផោនប៉ុណ្ណោះ។
Sanchez បានក្លាយជាអ្នកចាំទីក្នុងជម្រើសទី១ Chelsea នៅកីឡដ្ឋាន Stamford Bridge គិតចាប់តាំងពីឆ្នាំ២០២៣ ពីក្លិបរួមលីគ Brighton ដោយលេងបាន ១១២ប្រកួត និងរួមចំណែកឈ្នះជើងឯក UEFA Conference League និង Club World Cup ទៀតផង៕
