FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកីឡាការ៉ាតេកម្ពុជា ២ក្លិប ដណ្ដើមបានមេដាយ ១៧គ្រឿងពីព្រឹត្តិការណ៍អន្ដរជាតិ នៅឡាវ

01-09-2026 14:05

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនី នៃក្លិបការ៉ាតេ ហនុមាន និងក្លិបរស្មីព្រះអាទិត្យ របស់កម្ពុជា បានដណ្ដើមមេដាយសរុបចំនួន ១៧គ្រឿង ពីព្រឹត្តិការណ៍អន្ដរជាតិ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បេសកកម្មនេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា មុនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដឹកនាំដោយលោក ឈាង សុវណ្ណរតនា បានត្រឡប់មកមាតុភូមិវិញ កាលពីម្សិលមិញ។

ក្នុងសមាជិកសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាប្រធានក្លិបការ៉ាតេហនុមាន លោក ឈាង សុវណ្ណរតនា បានបង្ហាញមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី នៃក្លិបតំណាងកម្ពុជាទាំងពីរ រហូតសម្រេចបានសមិទ្ធផលគាប់ប្រសើរជូនក្លិប និងប្រទេសជាតិ ក្នុងនោះគឺមានមេដាយមាស ៧, មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៦ សរុបចំនួន ១៧គ្រឿង ក្នុងចំណោមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩នាក់ ដែលបានចូលរួមព្រឹត្តិការណ៍នេះ។

លោកបន្ដថា ដំណើរបេសកកម្មនេះ កើតឡើងក្រោយទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំសហព័ន្ធ ដែលអនុញ្ញាតឲ្យកីឡាករ-កីឡាការិនី នៃក្លិបការ៉ាតេហនុមាន និងក្លិបការ៉ាតេរស្មីព្រះអាទិត្យ បានចេញទៅប្រកួត និងមានឱកាសបង្ហាញសមត្ថភាព ហើយទទួលបានមេដាយដ៏ច្រើនជូនជាតិមាតុភូមិ បន្ទាប់ពិការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ដោយប្រកាន់ភ្ជាប់បានយ៉ាងល្អនូវស្មារតីកីឡា ការគោរពនូវបទបញ្ជាបច្ចេកទេស និងក្រមសីលធម៌នៃការប្រកួត។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ ដែលមានអត្តពលិកមកពី ៤ប្រទេសចូលរួមនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននូវគុណផលរបស់កីឡាករ-កីឡាការិនីកម្ពុជា ហើយលោកសង្ឃឹមថា នេះគឺជាសញ្ញាណដ៏ល្អ សម្រាប់ពួកគេ ក្នុងការបន្ដដុសខាតសមត្ថភាពបន្ថែមត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នាឆ្នាំ២០២៨ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ៕