គោព្រៃជំទង់កម្ពុជា បើកយុទ្ធនាការប្រកួត AFC U20 Asian Cup យប់នេះ ខណៈគ្រូជប៉ុន យេម៉ែន និងកូវ៉ែត ប្ដេជ្ញាដណ្ដើមកៅអីវគ្គបន្ដរៀងៗខ្លួន
31-08-2026 10:52
(ភ្នំពេញ)៖ ការប្រកួតជម្រុះបាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី ឆ្នាំ២០២៧ (AFC U20 Asian Cup China 2027) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៣១ ខែសីហានេះ ស្របពេលគ្រូបង្វឹកក្រុមជម្រើសជាតិ U20 ជប៉ុន, យេម៉ែន និងកូវ៉ែត សុទ្ធតែដាក់គោលដៅខ្ពស់ ក្នុងការប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅលើទឹកដីកម្ពុជា។
សម្រាប់កម្មវិធីប្រកួតបើកឆាកវគ្គជម្រុះខាងលើ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមយុវជន U20 យេម៉ែន នាវេលាម៉ោង ៧យប់ ក្រោយបញ្ចប់ជំនួបបើកឆាក្នុងពូល រវាងក្រុមសាំម៉ូរ៉ៃ U20 ជប៉ុន និងក្រុមជម្រើសជាតិ U20 កូវ៉ែត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញតែមួយគត់។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Yasuhir Yoshida គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា បានសម្ដែងក្ដីរីករាយ ដែលទទួលបានទំនុកចិត្ត និងឱកាសដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ពិសេសការប្រកួតជម្រុះពូល G នៃពានយុវជនកម្រិតទ្វីបខាងលើ គឺជាឱកាសដ៏ល្អមួយ សម្រាប់កីឡាករវ័យក្មេងកម្ពុជា ក្នុងការប្រកួតជាមួយក្រុមខ្លាំងៗ និងទទួលបទពិសោធន៍មកពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពទៅថ្ងៃអនាគត។
ដោយឡែកលោក Satoshi Yamaguchi គ្រូបង្វឹកក្រុមជម្រើសជាតិ U20 ជប៉ុន និងគ្រូបង្វឹកក្រុម U20 យេម៉ែន បានបង្ហាញការត្រៀមរួចរាល់ដូចគ្នា ជាមួយការតាំងចិត្តលេងឲ្យបានល្អ ដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ដ ពិសេសក្រុមយុវជនយេម៉ែន ដែលមានមហិច្ឆតាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
រីឯលោក Ferdo Milin គ្រូក្រុមយុវជន U20 កូវ៉ែត ទោះបីដឹងថា ពិបាកប្រជែងជាមួយក្រុមខ្លាំងទាំងពីរ តែលោកក៏នឹងព្យាយាម ដើម្បីមានឱកាសឡើងវគ្គបន្ដដែរ។
សូមបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ពូល G នៅកម្ពុជានេះ គឺមាន ៤ក្រុមចូលរួម ហើយត្រូវធ្វើការប្រកួតវិលជុំ ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ដើម្បីកំណត់ក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ ខណៈក្រុមលេខ២ ត្រូវចាំអ៊ុតលទ្ធផលជាមួយក្រុមលេខ២ នៃបណ្ដាពូលផ្សេងៗ ដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជន U20 ប្រចាំទ្វីប ២ឆ្នាំម្ដងនេះ៕








