ប្រធានសហព័ន្ធ ចាត់ទុកវត្តមានកីឡាករគុនខ្មែរ លើសង្វៀន K-1 ឆ្លុះបញ្ចាំងការទទួលស្គាល់ និងផ្សព្វផ្សាយតម្លៃគុនខ្មែរលើឆាកអន្ដរជាតិ
29-08-2026 10:32
(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកឱកាសបង្ហាញខ្លួនរបស់កីឡាករគុនខ្មែរ លើសង្វៀនលំដាប់កំពូល K-1 របស់ជប៉ុន គឺជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់យ៉ាងពិតប្រាកដពីសំណាក់ដៃគូអន្តរជាតិលើគុណភាព បច្ចេកទេស និងសក្ដានុពលដ៏ខ្លាំងក្លារបស់ក្បាច់គុនបុរាណខ្មែរ ហើយក៏ជាការបើកឱកាសផ្សព្វផ្សាយសិល្បៈក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ឆាកអន្ដរជាតិកាន់តែទូលំទូលាយបន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបញ្ជូនកីឡាករគុនខ្មែរឆ្នើមៗ ២រូប រួមមានកីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ទៅចូលរួមប្រកួតក្នុងកម្មវិធី K-1 ដែលជាស្ថាប័នកីឡាប្រយុទ្ធដ៏ល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅប្រទេសជប៉ុន ក៏ដូចជាលើឆាកអន្ដរជាតិនាថ្ងៃទី២៧ ខែសីហា។ ការប្រកួតនឹងធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដោយត្រូវប្រកួតក្រោមច្បាប់ឃីកបុកស៊ីងអាជីព។
លោកថា ឱកាសចូលរួមកម្មវិធី K-1 នេះមិនមែនត្រឹមជាឱកាសរបស់កីឡាករទាំង ២រូបនោះទេ តែក៏ជាឱកាសដ៏មានតម្លៃសម្រាប់គុនខ្មែរទាំងមូល ក្នុងការបង្ហាញពីសមត្ថភាព បច្ចេកទេស ភាពរឹងមាំ ស្មារតីដ៏អង់អាច និងអត្ដសញ្ញាណនៃក្បាច់គុនខ្មែរ ចំពោះមុខទស្សនិកជនអន្ដរជាតិទៀតដែរ។
«លន បញ្ញា និង ធន់ ម៉េងហុង គឺជាកីឡាករដែលមានសមត្ថភាព បទពិសោធន៍ ឆន្ទៈមោះមុត និងបានឆ្លងកាត់ការប្រកួតជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ ការជ្រើសរើស និងបញ្ជូនកីឡាករទាំងពីរទៅចូលរួមកម្មវិធីនេះ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហព័ន្ធ ក៏ដូចជាដៃគូអន្ដរជាតិ ចំពោះគុណភាព និងសក្ដានុពលរបស់កីឡាករគុនខ្មែរ»។ លោក ខូវ ឆាយ បន្ថែម។
ទន្ទឹមជាមួយគ្នាក្នុងនាមប្រធានសហព័ន្ធ លោកក៏បានអរគុណស្ថាប័ន K-1 ដែលបានផ្ដល់ឱកាសដ៏មានតម្លៃដល់កីឡាករគុនខ្មែរ ហើយសហព័ន្ធសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្ដរីកចម្រើន និងបើកទ្វារកាន់តែទូលំទូលាយ ដើម្បីឲ្យកីឡាករគុនខ្មែរជាច្រើនរូបទៀត ទទួលបានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ K-1 នៅប្រទេសជប៉ុន និងតាមបណ្ដាប្រទេសនានាលើពិភពលោក។
ចំពោះបេសកកម្មរបស់អ្នកលេងគុនខ្មែរទាំងពីរ ក្នុងការចេញទៅប្រកួតនាទីក្រុងតូក្យូ ក្នុងពេលដ៏ខ្លីខាងមុខ មិនត្រឹមតែជាតំណាងឲ្យខ្លួន ក្លិប ឬសហព័ន្ធនោះទេ តែជាបេសកកម្មតំណាងវិស័យគុនខ្មែរ និងប្រទេសជាតិទាំងមូល។ ដូច្នេះលោកបានផ្ដាំផ្ញើពួកគេ ត្រូវប្រកាន់ភ្ជាប់ និងរក្សាឲ្យបាននូវវិន័យ សីលធម៌ សុជីវធម៌ និងស្មារតីកីឡាឲ្យបានខ្ពស់ គោរពបទបញ្ជាការប្រកួត គោរពគូប្រកួត គោរពអាជ្ញាកណ្ដាល និងគោរពប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះ។
លោក ខូវ ឆាយ បានសង្កត់ធ្ងន់ទៀតថា «លទ្ធផលឈ្នះឬចាញ់ គឺជាផ្នែកមួយនៃការប្រកួត តែអ្វីដែលសំខាន់បំផុត គឺការបង្ហាញឲ្យពិភពលោកបានឃើញពីសមត្ថភាពពិតប្រាកដ ស្មារតីមិនបោះបង់ ក្រមសីលធម៌ និងភាពថ្លៃថ្នូរបស់កីឡាករគុនខ្មែរ»។ តាមរយៈនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ ដើម្បីបង្កើនកម្លាំងចិត្ត និងលើកកម្ពស់កិត្តិនាមគុនខ្មែរឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។
ចំពោះកម្មវិធីប្រកួតរបស់អ្នកលេងគុនខ្មែរ លើសង្វៀន K-1 នាថ្ងៃទី១២ ខែកញ្ញាខាងមុខ សម្រាប់កីឡាករ លន បញ្ញា នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ K-1 World Max 2026 ដោយផ្ដើមពីវគ្គជម្រុះ ១៦នាក់ ខណៈការប្រកួតដំបូង ត្រូវជួបកីឡាករជប៉ុន Matsumoto Kazuki ក្នុងប្រភេទទម្ងន់ ៧០ គីឡូក្រាម។ រីឯកីឡាករ ធន់ ម៉េងហុង ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក K-1 ទម្ងន់ ៦០គីឡុក្រាម ទល់កីឡាករTomoya Yokoyama របស់ម្ចាស់ផ្ទះជប៉ុនដូចគ្នា៕







