សហព័ន្ធផិក្កូប៊ល រៀបចំពានអន្ដរជាតិ និងប្រមូលផ្ដុំដោយកីឡាករល្បីៗ ដើម្បីជំរុញការអភិវឌ្ឍ
25-08-2026 07:45
(ភ្នំពេញ)៖ សហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានរៀបចំការប្រកួតពានរង្វាន់អន្ដរជាតិ STMarket International Cup 2026 លើកដំបូង ដោយបាននាំកីឡាករល្បីៗជាច្រើនចូលរួម សំដៅផ្លាស់ប្ដូរបទពិសោធន៍ និងជំរុញការអភិវឌ្ឍវិស័យកីឡាផិក្កូប៊លនៅកម្ពុជា។
លោក លីម ហ៊ួរនីតា ប្រធានសហព័ន្ធបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតផិក្កូប៊លកម្រិតអាជីពលើកដំបូងនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែសីហា ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ២០ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្រិតពិភពលោកជាច្រើនផងដែរ ជាក់ស្ដែងកីឡាករឆ្នើមវ័យក្មេងមកពីសហរដ្ឋអាមេរិក Rex Thais ក៏ដូចជា Ricky និង Hane Bu Bois មកពីអាហ្វ្រិកខាងត្បូងជាដើម។
ចំពោះគោលបំណងសំខាន់នៃការរៀបចំពានរង្វាន់អន្ដរជាតិនេះ គឺដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីកម្ពុជា បានធ្វើការប្រកួតដកស្រង់បទពិសោធន៍ផ្ទាល់ជាមួយកីឡាករអាជីពអន្ដរជាតិ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញកីឡានៅកម្ពុជាឲ្យកាន់តែលឿន សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។ មិនតែប៉ុណ្ណោះ ក៏ដើម្បីចូលរួមលើកកម្ពស់ និងទាក់ទាញវិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ STMarket International Cup 2026 នេះផងដែរ។
លោក លីម ហ៊ួរនីត បន្ដថា «គោលដៅនៃការរៀបចំការប្រកួតអន្តរជាតិនេះ គឺសហព័ន្ធមានបំណងចង់ឱ្យវិស័យកីឡានេះកាន់តែរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយកាលណាការប្រកួតតែក្នុងស្រុក នោះការប្រកួតប្រជែង និងកម្រិតគុណភាពបច្ចេកទេសមិនសូវលូតលាស់ល្អនោះឡើយ។ ដូច្នេះតាមរយៈការរៀបចំការប្រកួតនេះ យើងបានអញ្ជើញកីឡាករ-កីឡាការិនីអាជីពអន្តរជាតិមកចូលរួមប្រកួត ដើម្បីសាកល្បងសមត្ថភាពរវាងអត្តពលិកអន្តរជាតិ និងអត្តពលិកជាតិ»។
លើសពីនេះ ក្រោយបញ្ចប់ការប្រកួត កីឡាករ-កីឡាការិនីអាជីពទាំងអស់ នឹងបន្ដស្នាក់នៅកម្ពុជារហូតដល់ចុងខែសីហានេះ ដើម្បីចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសដល់កីឡាករ-កីឡាការិនីកម្ពុជាបន្ថែមទៀតផងដែរ៕








