ក្រុមហ៊ុន Alibaba បោះផ្សាយលក់ភាគហ៊ុនធំបំផុតមិនធ្លាប់មាននៅហុងកុង ដើម្បីស្រោចស្រង់ និងពង្រីក AI
24-08-2026 11:38
(បរទេស)៖ ក្រុមហ៊ុន e-commerce និង Cloud យក្សរបស់ចិន Alibaba ទើបតែបានប្រកាសបោះផ្សាយលក់ភាគហ៊ុនបន្ថែមជាផ្លូវការនូវទឹកប្រាក់រហូតដល់ ៨០ ពាន់លានដុល្លារហុងកុង (ប្រហែល ១០.២ ពាន់លានដុល្លារ) នៅទីផ្សារភាគហ៊ុនហុងកុង។ ការបោះលក់ភាគហ៊ុនទ្រង់ទ្រាយធំនេះ គឺជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ធំបំផុតមួយមិនធ្លាប់មាននៅហុងកុង ហើយប្រាក់ចំណេញសុទ្ធទាំងអស់ ១០០% នឹងត្រូវយកទៅវិនិយោគលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា AI ពេញលេញ (Full-stack AI) ដែលរួមមានការផលិតបន្ទះឈីប ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតម៉ូឌែល AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ការសម្រេចចិត្តរៃអង្គាសប្រាក់យ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពី Alibaba បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងត្រីមាសទី ២ បានធ្លាក់ចុះរហូតដល់ ៧៥% ដោយសារតែការបង្កើនថវិកាចំណាយទុនវិនិយោគ (Capex) លើវិស័យ AI យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការប្រើប្រាស់ AI ដែលកំពុងស្ទុះឡើងខ្លាំង បានធ្វើឱ្យរយៈពេលរំពឹងទុកនៃការទទួលបានទុនវិនិយោគត្រឡប់មកវិញ ថយចុះមកត្រឹម ២.៥ ឆ្នាំប៉ុណ្ណោះ។
លោក Eddie Wu នាយកប្រតិបត្តិ (CEO) របស់ Alibaba បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយវិនិយោគិនថា៖ «ដើម្បីអាចចាប់យកការកើនឡើងនាពេលអនាគតនោះបាន ដំបូងឡើយយើងចាំបាច់ត្រូវធ្វើការវិនិយោគ Capex ទាំងនេះ ដើម្បីសាងសង់សមត្ថភាពកុំព្យូទ័រ (Compute Capacity) ដែលចាំបាច់»។ លោកបានបន្ថែមថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ គឺជាជំហានមិនអាចខ្វះបានសម្រាប់កំណើនរយៈពេលវែង។
គួរជម្រាបថា ការបោះផ្សាយលក់ភាគហ៊ុននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនអន្តរជាតិ និងមូលនិធិវិនិយោគរដ្ឋ រហូតធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តដំឡើងទំហំភាគហ៊ុនលក់បន្ថែមទៀត។ ការបោះទុនយ៉ាងសន្ធឹកសន្ធាប់របស់ Alibaba ឆ្លុះបញ្ចាំងពីការប្រកួតប្រជែងយ៉ាងស្រួចស្រាវក្នុងរលក AI ពិភពលោក ដែលសូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកទាំង ៤ (Microsoft, Amazon, Alphabet និង Meta) ក៏ត្រូវបានរំពឹងថានឹងចំណាយទុនវិនិយោគសរុបប្រហែល ៧២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៦ នេះផងដែរ៕








