FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុគសម័យថ្មីបានមកដល់! រ៉ូបូត AI ចិន បំបែកកំណត់ត្រាមនុស្សលោក លើវិញ្ញាសារត់ប្រណាំង ១០០ ម៉ែត្រ

24-08-2026 10:17

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា រ៉ូបូតរូបរាងដូចមនុស្ស (Humanoid robot) ដែលមានឈ្មោះថា «Lightning» អភិវឌ្ឍន៍ដោយក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃចិន Honor បានរត់ចម្ងាយ ១០០ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៩.៣២ វិនាទី ប៉ុណ្ណោះ ដោយបានបំបែកកំណត់ត្រាពិភពលោករបស់មនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

ការធ្វើតេស្តរត់នេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ត្រៀមខ្លួនមុន «ការប្រកួតកីឡារ៉ូបូតរូបរាងដូចមនុស្សពិភពលោក» (World Humanoid Robot Games) លើកទី ២ ក្នុងទីក្រុងប៉េកាំង។ ក្នុងអំឡុងពេលរត់ រ៉ូបូត «Lightning» អាចបង្កើនល្បឿនអតិបរមារហូតដល់ ១៤.៥ ម៉ែត្រក្នុងមួយវិនាទី។
លទ្ធផល ៩.៣២ វិនាទីនេះ បានយកឈ្នះលើកំណត់ត្រាពិភពលោកផ្នែករត់ប្រណាំង ១០០ ម៉ែត្រផ្នែកបុរសរបស់កំពូលកីឡាករ Usain Bolt ដែលធ្លាប់ធ្វើបាន ៩.៥៨ វិនាទី កាលពីឆ្នាំ២០០៩ នៅក្នុងការប្រកួតពិភពលោកនៅទីក្រុងប៊ែរឡាំង។

គួរបញ្ជាក់ផងដែរថា រ៉ូបូត «Lightning» ធ្លាប់បានឈ្នះការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុង (Beijing Half Marathon) ចម្ងាយ ២១ គីឡូម៉ែត្រ កាលពីខែមេសាកន្លងទៅ ដោយប្រើរយៈពេល ៥០នាទី និង ២៦វិនាទី ដែលលឿនជាងល្បឿនកំណត់ត្រាមនុស្សទៅទៀត។ ក្រុមអ្នកស្រាវជ្រាវ បានឱ្យដឹងថា កាលពីរត់ម៉ារ៉ាតុង រ៉ូបូតនេះមានកម្ពស់ ១៦៩សង់ទីម៉ែត្រ និងប្រវែងជើង ៩៥សង់ទីម៉ែត្រ ប៉ុន្តែត្រូវបានកែសម្រួលបន្ថែមប្រវែងជើង ១០សង់ទីម៉ែត្រទៀត (ឡើងដល់ ១.០៥ ម៉ែត្រ) មុនចូលរួមការប្រកួតកីឡារ៉ូបូតលើកនេះ។

ប្រទេសចិនកំពុងរញ៉េរញ៉ៃជំរុញឧស្សាហកម្មរ៉ូបូតរូបរាងដូចមនុស្សឱ្យក្លាយជាវិស័យយុទ្ធសាស្ត្រថ្មី ដោយរំពឹងថាការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍រឹង (Hardware) នឹងជួយពន្លឿនការយកប្រព័ន្ធនេះទៅប្រើប្រាស់ក្នុងវិស័យផលិតកម្ម ដឹកជញ្ជូន និងការប្រើប្រាស់ទូទៅ៕