Nvidia សម្រេចវិនិយោគលើ Cloverleaf បង្កើនថាមពលអគ្គិសនីសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI នៅអាមេរិក
24-08-2026 09:00
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានប្រកាសពីការវិនិយោគទុនទិញភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុនឯកជន Cloverleaf Infrastructure ដើម្បីរួមគ្នាសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី សម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យ AI (បញ្ញាសិប្បនិម្មិត) នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុផ្លូវការមិនទាន់ត្រូវបានបញ្ជាក់ក្តី កាសែត The Wall Street Journal បានរាយការណ៍ដោយផ្អែកលើប្រភពស្និទ្ធនឹងកិច្ចព្រមព្រៀងថា Nvidia ត្រូវបានរំពឹងថានឹងវិនិយោគទឹកប្រាក់រាប់រយលានដុល្លារ។ កិច្ចព្រមព្រៀងនេះនឹងជួយ Cloverleaf ក្នុងការស្វែងរកទីតាំងសាងសង់ ខណៈ Nvidia នឹងជួយជ្រោមជ្រែងផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធគណនារបស់ AI (AI computing)។
Cloverleaf ដែលជាក្រុមហ៊ុនសហការជាមួយស្ថាប័នថាមពលអគ្គិសនី និងវិនិយោគិនក្នុងការស្វែងរកប្រភពថាមពលសម្រាប់មជ្ឈមណ្ឌលទិន្នន័យ បានឱ្យដឹងថា ខ្លួនបានសម្រេចគម្រោងខ្នាតយក្សកម្រិតជីហ្គាវ៉ាត់ (gigawatt-scale) ជាច្រើនរួចមកហើយនៅអាមេរិកខាងជើង ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០២៤។ តាមរយៈកិច្ចសហការនេះ Cloverleaf នឹងដាក់ឱ្យប្រើប្រាស់ភ្លេតហ្វម DSX របស់ Nvidia ដើម្បីជួយសម្រេចចិត្តលើការជ្រើសរើសទីតាំង ប្រភពថាមពល ប្រព័ន្ធត្រជាក់ និងប្រព័ន្ធកុំព្យូទ័រឱ្យមានប្រសិទ្ធភាពខ្ពស់។
គួររំលឹកផងដែរថា ចលនានៃការវិនិយោគនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Nvidia បានប្រកាសបោះទុនវិនិយោគរហូតដល់ ១.៥ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន SB Energy ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យចំណុះឱ្យសម័្ពន្ធក្រុមហ៊ុន SoftBank ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដ៏សន្ធឹកសន្ធាប់នៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន៕










