បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សដែលបញ្ចប់ ឆ្នាំសិក្សា២០២៥-២០២៦ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី Western Australian Curriculum
16-08-2026 11:22
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំ កម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី Western Australian Curriculum។ នេះគឺជាលើកទី៣ហើយ ដែលព្រឹត្តិការនេះប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញពីសមិទ្ធផលរបស់សិស្សានុសិស្សដែលសិក្សាតាមកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី និងគូសបញ្ជាក់ពីការរីកចម្រើនជាកាន់តែខ្លាំងនៃសហគមន៍របស់កម្មវិធីសិក្សានេះនៅទូទាំងប្រទេស។
ពិធីដ៏មានអត្ថន័យនេះ ក៏មានវត្តមាន លោក Colin Glass ប្រធានក្រុមប្រឹក្សានៃ SpringBoard4Education និងមានការចូលរួមពីសំណាក់អ្នកចូលរួមប្រមាណ ២៥០០នាក់ ដើម្បី អបអរសាទរទៅលើការលះបង់ ការតស៊ូព្យាយាម និងសមិទ្ធផលនានារបស់សិស្សានុសិស្សក្នុងដំណើរសិក្សាតាមកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី Western Australian Curriculum។ ព្រឹត្តិការណ៍នេះមិនត្រឹមតែអបអរសាទរចំពោះសមិទ្ធផលរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏អបអរសាទរទៅដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារ ដែលបានគាំទ្រប្អូនៗសិស្សានុសិស្សក្នុងដំណើរសិក្សារបស់ពួកគេផងដែរ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើង បន្ទាប់ពីពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅទីក្រុងភឺត ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដែលធ្វើឱ្យការប្រារព្ធឡើងនៅកម្ពុជានាពេលនេះនេះ គឺជាផ្នែកមួយនៃការទទួលស្គាល់ជាសកលចំពោះសិស្សានុសិស្សដែលកំពុងសិក្សាតាមកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី Western Australian Curriculum។
ពិធីប្រគល់វិញ្ញាបនបត្រទាំងពីរលើកនេះ បានបង្ហាញយ៉ាងច្បាស់អំពីភាពរឹងមាំនៃសហគមន៍អប់រំអន្តរជាតិ ដែលមានទំនាក់ទំនងជាមួយគ្នាប្រកបដោយការប្តេជ្ញាចិត្តរួមចំពោះសមិទ្ធផលសិក្សា និងឱកាសនានានៅពេលអនាគត។
ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ សហគមន៍កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី Western Australian Curriculum នៅក្នុងប្រទេសកម្ពុជាបានបន្តរីកចម្រើន ដោយមានសាលាកាន់តែច្រើនឡើង បានដាក់បញ្ចូលកម្មវិធីសិក្សានេះចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន។ ហើយកម្មវិធីសិក្សានេះនៅតែបន្តផ្តល់ជូនសិស្សានុសិស្សនូវចំណេះដឹង ជំនាញ និងទំនុកចិត្តដែលចាំបាច់ ក្នុងការទទួលបានឱកាសក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងអាជីពការងារ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
ពិធីនេះក៏បានបង្ហាញផងដែរអំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងប្រទេសអូស្ត្រាលី ក្នុងការបង្កើនឱកាស និងលើកកម្ពស់ផ្នែកអប់រំសម្រាប់សិស្សានុសិស្ស។ តាមរយៈគំនិតផ្តួចផ្តើម ដូចជា SpringBoard Western Australia Scholarship និង Western Australian Premier’s Bursary សិស្សានុសិស្សរបស់កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នឹងទទួលបានឱកាសបន្ថែមទៀតក្នុការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងរដ្ឋអូស្ត្រាលីខាងលិច។
លោក Colin Glass ប្រធានក្រុមប្រឹក្សានៃ SpringBoard4Education បានសម្តែងការអបអរសាទរចំពោះប្អូនៗសិស្សានុសិស្សនៃឆ្នាំសិក្សា២០២៥-២០២៦។ សមិទ្ធផលដែលប្អូនៗទទួលបាន មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងភាពជោគជ័យជាបន្តបន្ទាប់របស់សហគមន៍កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជាផងដែរ៕












