FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម! ការអភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ

15-08-2026 15:42

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» ដែលរៀបចំឡើងដោយមានកិច្ចសហការពីក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd.។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ប្រៃសណីយ៍កម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជន វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន ប្រតិបត្តិករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ដើម្បីផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាលើឱកាស បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយ និងយន្តការជាក់ស្ដែង សម្រាប់កែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលលំហូរពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវាភស្តុភារកម្ម សំដៅគាំទ្រដល់ការពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

ដើម្បីបន្តពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យពាណិជ្ជកម្មកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៦ រួមមាន៖ (១) ពង្រឹងកិច្ចសហការរដ្ឋ-ឯកជន ដើម្បីកែលម្អគោលនយោបាយ សេវាសាធារណៈ និងបរិយាកាសធុរកិច្ច, (២) លើកកម្ពស់គុណភាពផលិតផលកម្ពុជា តាមរយៈការកែលម្អការវេចខ្ចប់ ស្ដង់ដា និងការប្រើប្រាស់ផលិតផលកម្ពុជា MadeInCambodia, (៣) ជំរុញវិស័យឯកជន និងពាណិជ្ជកម្មឌីជីថល ដើម្បីពង្រីកទីផ្សារ និងឱកាសនាំចេញ, (៤) ពង្រឹងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព, (៥) ទាក់ទាញការវិនិយោគ និងភាពជាដៃគូអន្តរជាតិ ដើម្បីជំរុញការកែច្នៃ បច្ចេកវិទ្យា ការផ្ទេរចំណេះដឹង និងការភ្ជាប់ខ្សែច្រវាក់តម្លៃ និង (៦) ជំរុញការធ្វើពិពិធកម្មផលិតផល និងទីផ្សារ ដោយកំណត់ផលិតផល និងទីផ្សារអាទិភាព ព្រមទាំងពង្រឹងយន្តការសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌ កម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ(CambodiaPlasPrintPack) នឹងប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦។ដោយមានការប្រមូលផ្តុំម៉ាកយីហោរអន្តរជាតិជាង ២០០ ម៉ាក និងមកពី ១៦ ប្រទេសនិងតំបន់ដែលរួមមាន អូស្ត្រាលី បង់ក្លាដែស កម្ពុជា កាណាដា ចិន អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ិកស៊ិក មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ សហរដ្ឋអាមេរិក និងវៀតណាម។

ពិព័រណ៍ CIMIF, CTG និង CambodiaPlasPrintPack នឹងបង្ហាញគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនិងដំណោះស្រាយរួមបញ្ចូលគ្នា ចុងក្រោយបំផុត សម្រាប់វិស័យឧស្សាហកម្មយានយន្ត ដោះស្រាយស្វ័យប្រវត្តិកម្ម វាយនភ័ណ្ឌ និងកាត់ដេរ ប្លាស្ទិក ការបោះពុម្ព និងការវេចខ្ចប់។ លោកអ្នកដែលចូលរួមទស្សនានឹងអាចស្វែងយល់ពីដំណោះស្រាយជាក់ស្តែងសម្រាប់បង្កើន ប្រសិទ្ធភាពផលិតកម្មធ្វើឱ្យដំណើរការនៃការផលិតកាន់តែទំនើប និងអភិវឌ្ឍរោងចក្រនាពេលអនាគត។

ពិព័រណ៍ CIMIF, CTG និង CambodiaPlasPrintPack 2026 រៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. និងសហការរៀបចំសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងដំណើរផលិតផលនៅកម្ពុជា (TAFTAC) ព្រមទាំងការគាំទ្រជាផ្លូវការពី ក្រសួងពាណិជ្ជកម្ម (MOC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះធានាថាពិព័រណ៍យើងនឹងបន្តជាវេទិកា ឈានមុខគេ ដែលជួយផ្សាភ្ជាប់ក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ និងអាជីវកម្មក្នុងស្រុកអាចមានទំនាក់ទំនងគ្នា និងរួមគ្នាបង្កើតឱកាសអាជីវកម្មថ្មីៗ។
សូមចូលរួមជាផ្នែកមួយនៃពិព័រណ៍នេះ!។

មិនថាលោកអ្នកចង់ធ្វើទំនើបកម្មរោងចក្ររបស់លោកអ្នកជាមួយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មចុងក្រោយ ឫស្វែងរកដៃគូរ ផ្គត់ផ្គង់អន្តរជាតិដែលអាចទុកចិត្តបាន ឬភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងឧស្សាហកម្មនោះទេ ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍តែមួយគត់ដែលលោកអ្នកមិនគួរមើលរំលងក្នុងឆ្នាំ ២០២៦។ សូមចូលរួមទស្សនាជាមួយពិព័រណ៍យើង ដើម្បីស្វែងរកឧបករណ៍ និងដៃគូអាជីវកម្មសម្រាប់ពង្រីកអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា និងទីផ្សារអន្តរជាតិ។