BA បើកវគ្គពង្រឹងអាជ្ញាកណ្ដាល-ចៅក្រម មុនការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នៅកម្ពុជា
14-08-2026 12:46
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីអាស៊ី (BA) បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្ដរជាតិដល់សិក្ខាកាមមកពី ៩ប្រទេស ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាសីកម្ពុជា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែសីហា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី មានសិក្ខាកាមចូលរួមចំនួន ១៣នាក់ មកពី ៩ប្រទេសចូលរួម ដូចជាវៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា ឡាវ ព្រុយណេ សិង្ហបុរី ថៃ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ ក្រៅពីសិក្ខាកាមផ្លូវការ កម្ពុជាក៏បានបញ្ជ្រាបមន្ដ្រីរបស់ខ្លួន ១០រូប ដើម្បីរៀនសូត្រពីវគ្គដ៏សំខាន់នេះផងដែរ។
ចំពោះគោលបំណងសំខាន់នៃការរៀបចំវគ្គនេះ គឺដើម្បីធានាបាននូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ដ្រីបច្ចេកទេស ទាំងអាជ្ញាកណ្ដាលចៅក្រម ប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្នុងការប្រកួតកីឡាវាសីជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលនឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ដោយមានអត្តពលិកមកពី ៧ប្រទេសចូលរួម គឺមានវៀតណាម ឡាវ ហ្វីលីពីន ទីម័រខាងកើត ព្រុយណេ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា៕






