កម្ពុជា ដណ្ដើមបានមេដាយកើនឡើងស្ទើរទ្វេដង ក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី នៅម៉ុងហ្គោលី
10-08-2026 11:09
(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា បានសម្រេចសមិទ្ធផលដ៏ត្រចះត្រង់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយដណ្ដើមបានមេដាយសរុបចំនួន ៤១គ្រឿង (មាស ៨ ប្រាក់ ១២ និងសំរឹទ្ធ ២១)។
មេដាយនេះ មានការកើនឡើងស្ទើរទ្វេដង បើធៀបកាលពីឆ្នាំ២០២៤ ដែលក្រុមតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានត្រឹម ២៤គ្រឿង (មាស ៣ ប្រាក់ ៧ និងសំរឹទ្ធ ១៤) នៅប្រទេសឥណ្ឌា។
ក្នុងចំណោមមេដាយខាងលើ ចំពោះមេដាយមាស ៨គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីវ សិរីបុត្រ លើវិញ្ញាសា អាយុ ១០ -១៣ឆ្នាំ(ខ្សែក្រវ៉ាត់ក្រហម)។ កីឡាការិនី សិរី រតនាវង្ស លើវិញ្ញាសាអាយុ ១០-១៣ឆ្នាំ (ខ្សែក្រវ៉ាត់ខៀវ)។ កីឡាការិនី លី គីមឆេង លើវិញ្ញាសាមេគុន (ខ្សែក្រវ៉ាត់ក្រហម)។ កីឡាករជាក្រុម លើវិញ្ញាសាវាយបំបែកក្តាបុរស។ កីឡាករជាក្រុម លើវិញ្ញាសាបច្ចេកទេសពិសេស។ កីឡាករ ង៉ែត រ៉ាវី លើវិញ្ញាសាប្រយុទ្ធទម្ងន់ +៩២គីឡូក្រាម។ កីឡាករ សុខ ស៊ូណាម លើវិញ្ញាសាបច្ចេកទេសពិសេស និងកីឡាការិនី ប៉ាល់ ឆរស៊្មី លើវិញ្ញាសាមេគុណ ៣ដាន់នារី។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើរចូលរួមអបអរសាទរ ចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានមេដាយជាច្រើនជូនជាតិមាតុភូមិ។ ការកើនឡើងស្ទើរទ្វេដង នៃការឈ្នះមេដាយពីការប្រកួតជើងឯកអាស៊ីនេះ ក៏បង្ហាញឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា ហើយក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ នាឆ្នាំ២០២៨ ផងដែរ៕












