កម្ពុជា ដណ្ដើមបានមេដាយសរុប ៣គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន
07-08-2026 16:24
(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ (The 10th Aerobic Gymnastics Asian Championship) ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីនហើយ ដោយដណ្ដើមបានមេដាយសរុបចំនួន ៣គ្រឿង ក្រោយទទួលបានមេដាយសំរឹទ្ធ ២គ្រឿងបន្ថែម នៅរសៀលថ្ងៃទី៧ ខែសីហានេះ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូដឹកនាំ បានឲ្យដឹងថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ផ្ដើមចេញពីការយកចិត្តទុកដាក់ខ្ពស់ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលជំរុញឲ្យប្រភេទកីឡាអូឡាំពិកនេះ មានការអភិវឌ្ឍន៍ និងរីកចម្រើន រហូតសម្រេចបានសមិទ្ធផលល្អប្រសើរជូនជាតិជាបន្ដបន្ទាប់។
យោងតាមរបាយការណ៍ពីគ្រូបង្វឹកក្រុមជម្រើសជាតិខាងលើ គិតត្រឹមរសៀលថ្ងៃសុក្រនេះ ព្រឹត្តិការណ៍ Aerobic Gymnastics Asian Championship 2026 បានបញ្ចប់ ដោយកម្ពុជាឈ្នះមេដាយសរុប ៣គ្រឿង ក្នុងនោះមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាក្រុម (Youth Group) កាលពីម្សិលមិញ និងមេដាយសំរឹទ្ធ ២គ្រឿង ដែលទើបប្រជែងបានថ្ងៃនេះ លើវិញ្ញាសា Senior Trio និង Senior Group។
ទន្ទឹមជាមួយការសម្រេចបាននូវសមិទ្ធផលគាប់ប្រសើរជូនជាតិនេះ លោក ណយ ផាណា បានអរគុណក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្ដល់កិច្ចសហការដ៏ល្អ ពិសេសការដឹកនាំរបស់លោកទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធាន និងលោកឧកញ៉ា សុខ ហុង ជាអនុប្រធាន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ក្រោមការដឹកនាំផ្ទាល់របស់លោកជាសេនាធិការទទួលបន្ទុកបច្ចេកទេស បានធ្វើឲ្យក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា មានលទ្ធភាពដណ្ដើមបានមេដាយ ៣គ្រឿងពីការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិច ជើងឯកអាស៊ីឆ្នាំនេះ។
សូមបញ្ជាក់ថា The 10th Aerobic Gymnastics Asian Championship 2026 ដែលហ្វីលីពីន ធ្វើម្ចាស់ផ្ទះបានប្រព្រឹត្តទៅពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២៦ ដោយមានប្រតិភូកីឡាបណ្ដាប្រទេសខ្លាំងក្នុងទ្វីបអាស៊ីចំនួន ១២ប្រទេសចូលរួម ក្នុងនោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុបចំនួន ១៦រូប ដោយមានគ្រូបង្វឹកម្នាក់ គ្រូជំនួយ ២នាក់ និងកីឡាករ-កីឡាការិនីចំនួន ១៣នាក់ចូលរួម៕









