FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ជីប ម៉ុង» វិនិយោគ ២៥០ លានដុល្លារ សាងសង់រោងចក្រផលិតទឹកដោះគោ មី តែ កាហ្វេ, បោះជំហានកាន់តែខ្លាំងក្នុងវិស័យឧស្សាហកម្មអាហារ និងភេសជ្ជៈកម្ពុជា

01-08-2026 13:20

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverages) ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប មកចូលរួមនៅក្នុងថ្ងៃជ័យនៃការបើកការដ្ឋានសង្កត់គ្រឹះសាងសង់នេះ។

ជាម៉ាកផលិតផល Made in Cambodia មួយ ដែលខ្មែរយើងស្គាល់ជាង ១៦ឆ្នាំមកហើយ។ ម៉ាកមួយដែលកើតចេញពីក្តីស្រមៃរបស់កូនខ្មែរ ចង់ឱ្យខ្មែរមានរោងចក្រផលិតភេសជ្ជៈដោយខ្លួនឯង។ មិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះថ្មី តែជាការប្រកាសពីដំណាក់កាលថ្មីមួយទៀត នៃការវិវឌ្ឍន៍ពីក្រុមហ៊ុនដែលធ្លាប់ស្គាល់ថាជា ខ្មែរ ប៊ែវើរីជីស ទៅជាក្រុមហ៊ុនដែលមានបេសកកម្មធំជាងមុន។ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្មែរ ប៊ែវើរីជីស នឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages»

សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិ ប្រកបដោយភាពរឹងមាំ និងចីរភាព។

គួរបញ្ជាក់ថា ជីប ម៉ុង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverages) ក្នុងផ្ទៃដី ១៥ហិចតា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។

Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក!៕