FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមបាល់ទះកម្ពុជា នាំពាន និងមេដាយមាសប្រវត្តិសាស្ដ្រ SEA V.Cup មកដល់មាតុភូមិហើយ ដោយទទួលការស្វាគមន៍ដ៏កក់ក្ដៅពីឧបនាយករដ្ឋមន្ដ្រី ស សុខា

27-07-2026 19:01

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។

ដំណើរមាតុភូមិនិវត្តន៍ អមជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រនេះ ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងនោះក៏មានវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា និងប្រជាពលរដ្ឋជាច្រើនផងដែរ។

សូមរំឮកថា ក្រុមបាល់ទះបុរសកម្ពុជា បានធ្វើមហាជន ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល ក្រោយចំណាយពេលត្រឹម ២រដូវកាល ដើម្បីក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន ក្រោយទម្លាក់ក្រុមថៃ ក្នុងលទ្ធផល ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅឥណ្ឌូនេស៊ី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។

បន្ទាប់ពីធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដើម្បីអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលខំប្រឹងរហូតដណ្ដើមបានសមិទ្ធផលប្រវត្តិសាស្ដ្រជូនជាតិ ក៏នឹងមានការរៀបចំពិធីដង្ហែរពានរង្វាន់ SEA V.Cup 2026 ជើងទី១ ដោយចេញដំណើរពីព្រលា ឆ្លងកាត់មហាវិថី និងទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ មុនឆ្ពោះទៅបញ្ចប់នៅជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា (ស្ថិតបរិវេណហ្គ្រេនភ្នំពេញ)ផងដែរ៕